សហព័ន្ធកីឡាបាល់ទាត់កីឡាបាល់ទាត់បានជូនដំណឹងដល់មហាជនថាក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៧ឆ្នាំ (U17) នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ទទួលក្រុមជម្រើសជាតិវៀតណាម ក្រោមអាយុ១៧ឆ្នាំ (U17) នៅក្នុងខែមិថុនា នេះក្នុងជំនួបមិត្តភាពអន្តរជាតិ មុនចេញទៅប្រកួតពានរង្វាន់ផ្លូវការ។
ការប្រកួតរវាងប្រទេសក្បែខាងគ្នាទាំង២នេះនឹងធ្វើឡើងនៅវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ព្រមទាំងមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍បាយ័នព័ត៌មាន (BTV News) ផងដែរ ខណៈប្រទេសទាំង២នឹងយកការប្រកួតកម្រិតយុវជននេះដើម្បីរំលឹកខួបទំនាក់ទំនងការទូតរវាងប្រទេសទាំង២ផងដែរ។
ចំពោះក្រុម U17 កម្ពុជា វិញដឹកនាំដោយលោកInoue Kazunori ដែលជាគ្រូបង្វឹកក្នុងសាលាបាល់ទាត់ជាតិបាទី។ បុរសជនជាតិជប៉ុន រូបនេះមានតួរនាទីដឹកនាំក្រុមជម្រើសជាតិកម្ពុជា U18 និង U19 ត្រៀមចេញទៅប្រកួតក្នុងតំបន់អាស៊ាន និងតំបន់អាស៊ី ផងដែរ ព្រមទាំងដឹកនាំក្រុមយុវជនសាលាបាល់ទាត់ប្រកួតក្នុងពានរង្វាន់លីគលំដាប់ទី២ នាពេលកន្លងមក។
ចំពោះក្រុម U17 របស់វៀតណាម ជាក្រុមមួយដែលធ្លាប់ជោគជ័យច្រើននៅក្នុងតំបន់អាស៊ាន ពោលគឺធ្លាប់ឈ្នះជើងឯក AFF U-16 Youth Championship ចំនួន២លើកគឺនៅឆ្នាំ២០០៦ និង២០១០ ហើយនៅឆ្នាំ២០០៧ ធ្លាប់ឈ្នះបានលេខ៣ និងឆ្នាំ២០១៦ កន្លងទៅជាក្រុមជើងឯករង ក្រោយចាញ់ក្រុមអូស្រ្តាលី នៅវគ្គផ្ដាច់ព្រ័ត្រ។
សម្រាប់ក្រុមយុវជនរបស់កម្ពុជា កំពុងត្រៀមខ្លួនទៅចូលរួមប្រកួតក្នុងពានរង្វាន់យុវជនប្រចាំតំបន់អាស៊ាន (AFF U18 Championship 2017) ចាប់ពីថ្ងៃទី ៤ ដល់១៧ខែកញ្ញា ឆ្នាំ២០១៧ នៅប្រទេសមីយ៉ាន់ម៉ា។ ពានរង្វាន់នេះមានក្រុមចំនួន១២ចូលរួម បូកទាំងក្រុមញូហ្សេឡែន ដែលអញ្ញើញឱ្យចូលរួម។ កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមថៃ ម៉ាឡេស៊ី ទីម័រខាងកើត ឡាវ និងសិង្ហបុរី ខណៈពូល A មានក្រុមមីយ៉ាន់ម៉ា វៀតណាម ញូហ្សឡែន ឥណ្ឌូណេស៊ី ហ្វីលីពីន និងប្រ៊ុយណេ។
ក្រុមនេះនឹងចូលរួមក្នុងពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី ដោយស្ថិតនៅក្នុងពូល G នៃពានរង្វាន់ AFC U19 Championship 2019 ជាមួយក្រុមចិន, មីយ៉ាន់ម៉ា និងហ្វីលីពីន ខណៈកម្ពុជា ក៏ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា។ វគ្គជម្រុះតាមពូលនេះមានក្រុមចូលរួមចំនួន៤៣ ដែលជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ដោយបែងចែកទៅជា១០ពូល ហើយក្រុមដែលឈរលេខ១តាមពូលនីមួយៗមានឈ្មោះឡើងទៅលេងចែកពូលចុងក្រោយ អមជាមួយក្រុមចំណាត់ថ្នាក់លេខ២ដែលល្អជាងគេចំនួន៥ផ្សេងទៀតផងដែរ។
ក្រៅពីហ្វឹកហាត់និងប្រកួតមិត្តភាពអន្តរជាតិនៅក្នុងប្រទេសយុវជនកម្ពុជា ឈុតនេះមានគ្រោងចេញទៅហ្វឹកហាត់នៅហុងកុង ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា មុនចេញទៅមីយ៉ាន់ម៉ា និងបន្តចេញទៅហ្វឹកហាត់នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២ ដល់៩ ខែតុលា មុនត្រឡប់មកភ្នំពេញវិញ៕