អ្នកប្រដាល់សេរីដែលគេឲ្យរហស្សនាមថា នាគ ខ្មៅ ជាយដែន ឃីម ឌីម៉ា គឺជាកីឡាករប្រដាល់គុនខ្មែរតែម្នាក់គត់ក្នុងចំណោម៥រូបដែលមានសមត្ថភាព អាចដណ្ដើមបានមេដាមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ។
នៅក្នុងពិធីពិសារអាហារសាមគ្គីអបអរសាទរដល់អ្នកប្រដាល់ដែលបានទៅស៊ីហ្គេមក្រោមរៀបចំដោយ លោក ហេរ៉ូ អ្នកអត្ថាធិប្បាយកីឡាប្រដាល់ប្រចាំស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីយប់មិញ អ្នកប្រដាល់គុនខ្មែរ ឃីម ឌីម៉ា បានប្រាប់ Anachakkeila ថា ទោះបីដណ្ដើមបានស្នាដៃឆ្នើមបែបនេះក្ដី តែគាត់ទទួលស្គាល់ថាខ្លួននៅតែមានចំណុចខ្វះខាតមួយចំនួនដែលត្រូវកែប្រែ ដែលចំណុចខ្វះខាតនោះគឺមានទម្លាប់អាក្រក់មិនព្រមវ៉ៃគូប្រកួតមុននោះទេ គឺទាល់តែគេវ៉ៃមុនទើបតតាំងវាយបកសងវិញ ម្យ៉ាងទៀតកម្លាំងស្ទុះ ក៏មានកំរិតដែលត្រូវតែ ប្រឹងប្រែងហ្វឹកហាត់បន្ថែមដែរ ។
ពាក់ពន្ធ័នឹងចំណុចខ្វះខាតទាំងនោះ លោក ឈិត សារឹម គ្រូបង្វឹកជម្រើសជាតិប្រដាល់គុនខ្មែរ ក៏ធ្លាប់បានលើកឡើងបែបនេះដែរ មិនតែប៉ណ្ណោះ ទំលាប់អាក្រក់មួយទៀតគឺពេលវ៉ៃ ឬ ទាត់គូប្រកួត ឃីម ឌីម៉ា ច្រើនតែជ្រុលមិនមានជំហររឹងមាំសម្រាប់ការពារខ្លួនឡើយ ។ លោកថានៅថ្ងៃខាងមុខប្រសិនបើ អ្នកលេងគុនខ្មែរនាគខ្មៅជាយដែនរូបនេះ អាចកែប្រែចំណុចដែលជាកក្តាកេងចំណេញនេះបានគឺកាន់តែខ្លាំងជាងនេះ ។
សូមបញ្ជាក់ថា ក្រោយពីដណ្ដើមបានមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ី អ្នកប្រដាល់គុនខ្មែររូបនេះ បានទទួលប្រាក់រង្វាន់លើកទឹកចិត្តជាច្រើនពីបណ្ដាក្រុមហ៊ុនមួយចំនួន ដូចជា ក្រុមហ៊ុន ណាហ្គាវើល ចំនួន៣ពាន់ដុល្លារ , ក្រុមហ៊ុន ខេមព្រូកម្ពុជា ចំនួន៥ពាន់ដុល្លារ ហើយនៅពេលនេះត្រូវបានលោក ហេរ៉ូ អ្នកអត្ថាធិប្បាយកីឡាប្រដាល់ទូរទស្សន៍អាស៊ីអាគ្នេយ៍រៀបចំអាហារសាមគ្គី មួយដើម្បីអបអរសាទរចំពោះស្នាដៃឆ្នើមនេះម្ដងទៀត ៕