ក្លិបបាល់ទាត់សូលទីឡូអង្គរ សមាជិកក្នុងពានរង្វាន់លីគលំដាប់ទី២ (Cambodian League II 2017) រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពេលនេះបានចុះកិច្ចសន្យាទទួលប្រាក់ឧបត្តម្ភចំនួន៥០០០០ដុល្លារអាមេរិក ពីក្រុមហ៊ុនខ្មែរប៊ីរើជីស ដើម្បីដំណើរការក្លិបក្នុងឆ្នាំ២០១៧ នេះ។
ការចុះកិច្ចសន្យានេះធ្វើឡើងនៅសណ្ឋាគារមួយកន្លែងក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីភាគីពាក់ព័ន្ធធ្វើជាសក្សីជាច្រើនរូបផងដែរនៅរសៀលថ្ងៃពុធ ទី២៧ ខែឧសភា ម្សិលមិញនេះ។ លោក អៀង សាក់នីដា អគ្គលេខាធិការក្លិបបាល់ទាត់សូលទីឡូអង្គរ បានលើកឡើងថា៖ «ទឹកប្រាក់ដែលក្រុមហ៊ុនខ្មែរប៊ីរើជីស ឧបត្ថម្ភនេះគឺយើងយកមកចាយវាយក្នុងការជួយបណ្តុះបណ្តាលកីឡាករបាល់ទាត់ក្នុងខេត្តសៀមរាប ក៏ដូចជាត្រៀមរៀបចំក្នុងការប្រកួតនានាប្រចាំឆ្នាំនេះនៅកម្ពុជា។ នេះជាផ្នែកមួយនៃការត្រៀមរៀបចំថ្នាលយុវជន ដែលកម្ពុជាត្រូវទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។ យើងអរគុណដល់ម្ចាស់ឧបត្ថម្ភដែលបានជួយដល់ក្លិបយើងខ្ញុំឱ្យបន្តដំណើរការទៅមុខថែមទៀត»។
លោកបន្តថា៖ «យើងនឹងបន្តឱ្យក្លិបរបស់យើងក្លាយជាក្លិបអាជីពមួយនៅទីនេះ (ខេត្តសៀមរាប)។ នៅទីនេះយើងមានតែក្លិបលេងបែបជួយសកម្មភាពសង្គមនិងដើម្បីសុខភាពប៉ុណ្ណោះ។ ក្រៅពីនោះឆ្នាំនេះយើងបានធ្វើកិច្ចសន្យារវាងក្លិបនឹងកីឡាករ ដែលផ្នែកមួយនៃក្លិបអាជីពផងដែរ។ យើងនឹងបណ្តុះបណ្តាលក្មេងជំនាន់ក្រោយ តំណាងឱ្យខេត្តសៀមរាប ដើម្បីប្រកួតនៅក្នុងប្រទេសផង និងនៅក្រៅប្រទេសផងនៅថ្ងៃអនាគត។ ការឧបត្ថម្ភនេះជួយជម្រុញយើងឱ្យកាន់តែលឿនក្នុងគំរោងរបស់យើង។ ក្នុងនេះផងដែរយើងកំពុងឈរលេខ២ ក្នុងលំដាប់ទី២ ហើយយើងរំពឹងថានឹងឡើងទៅកាន់លីគកំពូលនៅឆ្នាំ២០១៨ ខាងមុខ»។
លោក អ៊ឹម សុទ្ធារិទ្ធ តំណាងក្រុមហ៊ុនខ្មែរប៊ីរើជីសបានលើកឡើងផងដែរថា៖«មូលហេតុដែលយើងសម្រេចឧបត្ថម្ភដល់ក្លិបសូលទីឡូអង្គរនេះព្រោះ យើងសម្លឹងឃើញក្លិបមួយនេះមានកីឡាករក្មេងមានសមត្ថភាពខ្ពស់ ហើយយើងចង់ឱ្យក្រុមនេះទទួលបានជោគជ័យ។ ក្លិបនេះទទួលបានការជួយពីកីឡាករ Honda យើងសង្ឍឹមថាក្លិបកាន់តែទទួលបានជោគជ័យ។ កន្លងមកយើងធ្លាប់ឧបត្ថម្ភកីឡាអ៊ុក, ល្បុកត្តោ ទាំងនៅអង្គរសង្រ្កាន បុណ្យសមុទ្រ ព្រឹត្តិការណ៍កីឡាជាតិ ការប្រកួតជម្រុះពានរង្វាន់ឆ្ពោះទៅពានរង្វាន់ពិភពលោក និងការប្រកួតមិត្តភាពអន្តរជាតិ ជាដើម»។
តំណាងក្រុមហ៊ុននេះបានបន្តថា៖ «ជាបឋមទឹកប្រាក់ចំនួន៥០០០០$ នេះគឺគ្រាន់តែជួយសម្រួលដល់ដំណើរការក្លិបប្រចាំឆ្នាំ២០១៧ នេះទេ ហើយយើងរង់ចាំមើលថាការសហការជោគជ័យយ៉ាងណាយើងនឹងពិចារណារថែមទៀត។ យើងសង្ឍឹមថាក្រុមនេះមានឱកាសឡើងទៅលេងក្នុងលីគកំពូលនៅរដូវកាលក្រោយ»។
ចំណែកលោកShogo Tsujii តំណាងកីឡាករ Keisuke Honda ដែលម្ចាស់ភាគហ៊ុនរបស់ក្លិបនេះបានលើកឡើងថា៖ «មូលហេតុដែលយើងមកទីនេះគឺដើម្បីក្មេងៗមានឱកាសក្លាយជាកីឡាករបាល់ទាត់អាជីពទាំងកម្រិតជាតិនិងអន្តរជាតិនៅថ្ងៃអានាគរ។ តាមគម្រោងនៅរដូវកាលក្រោយយើងនឹងយកកីឡាករ គ្រូពេទ្យនិងគ្រូបង្វឹកពាក់ព័ន្ធមកពីប្រទេសជប៉ុន ដើម្បីពង្រឹងក្លិបឱ្យកាន់តែខ្លាំងថែមទៀត»៕