ថ្នាក់ដឹកនាំក្លិបបឹងកេត កាលពីម្សិលមិញបានជួបពិភាក្សាជាមួយលោក Jeysing Muthiah អ្នកឯកទេសផ្នែកប្រឹក្សាយោបល់របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី អំពីអាជ្ញាបណ្ណក្លិប (Club Licensing)។
អាជ្ញាបណ្ណក្លិប (AFC CLUB LICENSING) ជាការធ្វើលក្ខណៈវិនិច្ឆ័យតាមបទដ្ឋានដែលបានកំណត់ដោយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ីនឹងតម្រូវឲ្យក្លិបអាជីពនីមួយៗត្រូវបំពេញឲ្យបានត្រឹមត្រូវដើម្បីទទួលបានអាជ្ញាបណ្ណនេះមុនទទួលបានសិទ្ធចូលរួមក្នុងការប្រកួតពានរង្វាន់ធំៗប្រចាំទ្វីបបានដូចជាពានរង្វាន់ AFC Cup ឬ AFC Champions League។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការបឹងកេត បញ្ជាក់ថាលោក Jeysing បានធ្វើដំណើរមកដល់ប្រទេសកម្ពុជានារសៀលនេះហើយឆ្លៀតឱកាសមកទស្សនកិច្ចនៅការិយាល័យកណ្ដាលរបស់ក្លិបនៅបុរីសាន់វេទួលគោកនឹងបន្ដជួបជជែកពិភាក្សាជាមួយថ្នាក់ដឹកនាំក្លិបជុំវិញដំណើរការលើការចុះឈ្មោះសុំអាជ្ញាបណ្ណក្លិបនៅកម្ពុជា។
លោក JEYSING បានសម្ដែងការកោតសរសើរយ៉ាងខ្លាំងចំពោះលោកស្រីប្រធាន ពុធ ធីតា ដែលរូបលោកស្រីជាប្រធានក្លិបស្ត្រីទី១នៅកម្ពុជាហើយមានមហិច្ចតាខ្ពស់ក្នុងការ រុញច្រានវិស័យបាល់ទាត់នៅកម្ពុជាឲ្យរីកចំរើនជឿនលឿនដូចបណ្ដាប្រទេសជិតខាង។ ក្នុងនោះតាមរយៈក្ដីស្រលាញ់ឆន្ទៈ ព្រមទាំងទស្សនវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍន៍ក៏ដូចជាទិសដៅរបស់ក្លិបនាពេលនេះលោក JEYSING រំពឹងថាបឹងកេតនឹងក្លាយជាក្លឹបអាជីពយ៉ាងពិតប្រាកដមួយនៅកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។
ប្រភព & រូបភាព៖ Boeung Ket Football Club