សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានរៀបចំការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ កាល ពីថ្ងៃអាទិត្យ ម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីជ្រើសរើសកីឡាករដែលសមត្ថភាពខ្ពស់ នឹងក្លាយជាកីឡាករជម្រើសជាតិ ។
លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាមានប្រសាសន៍ថា ព្រឹត្តិការណ៍ខាងលើនេះ គឺការប្រកួតលើកទី១ ហើយសហព័ន្ធរៀបចំ ក្នុងគោលបំណង ជ្រើសរើសកីឡាករឲ្យក្លាយជាកីឡាកជម្រើសរើសជាតិ ហើយក្នុងចំណោមកីឡាករដែលចូលរួមប្រកួតចំនួន៤២រូបនេះដែរ គឺអស់សុទ្ធតែជាអ្នកមានសមត្ថភាពខ្ពស់ៗ។ សម្រាប់ការប្រកួតនេះដែរ បានបែងចែកជា៦ពូល ក្នុងមួយពូលមាន៧នាក់ ប្រកួតជាលក្ខណៈប្រកួតជ្រុះវិលជុំ ជម្រុះចោលយកតែ៣នាក់ប៉ុណ្ណោះ ក្នុងមួយពូលៗ សរុប១៨នាក់ ដែលពួកគេនឹងក្លាយជាកីឡាករជម្រើសជាតិប្រចាំឆ្នាំ២០១៧ ហើយពួកគេទាំង១៨នាក់នេះនឹងត្រូវធ្វើសំណើរទៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុជន និងកីឡា ដើម្បីឲ្យក្លាយជាកីឡាករជម្រើសជាតិពេញសិទ្ធិ។ ក្រោយពីពួកគេក្លាយជាកីឡាករជម្រើសជាតិពេញសិទ្ធិហើយនោះ លោកក៏មានគោលកដៅរៀបចំឲ្យកីឡាករទាំងអស់ ប្រកួតជាមួយគ្នាជាញឹកញាប់តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យមានការផ្លាស់ប្ដូបទពិសោធន៍ពីគ្នាទៅវិញទៅមក សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២៣ខាងមុខ។
ប្រធានសហព័ន្ធរូបនេះបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣ មានប្រទេសចំនួន៣រួចមកហើយ ដែលចេះលេងកីឡាអុកចត្រង្គនេះ គឺប្រទេសឡាវ វៀតណាម និងមីយ៉ាន់ម៉ា បូករួមទាំងកម្ពុជាជាម្ចាស់ផ្ទះទៀតផងនោះ។ ទោះជាយ៉ាងណាក្នុងនាមលោកជាប្រធានសហព័ន្ធមានគម្រោងផ្សព្វផ្សាយទៅដល់បណ្ដាប្រទេសជាច្រើនទៀត ក្នុងតំបន់អាស៊ានឲ្យមកចូលរួមប្រកួត។
ក្រៅពីនេះលោកចង់ផ្សព្វផ្សាយទៅដល់ស្រទាប់មហាជនខ្មែរ ជាពិសេសក្នុងស្រទាប់យុវជនធ្វើយ៉ាងណាឲ្យពួកគាត់ងាកមកលេងកីឡាឲ្យបានច្រើន ប្រសើជាងយកពេលវេលាទៅប្រព្រឹត្តអំពើរមិនល្អ និងសេពគ្រឿងញៀនជាដើម ព្រោះថាការលេងកីឡាអុកអាចនឹងប្រែក្លាយឲ្យពួកគេក្លាយជាមនុស្សម្នាក់ ដែលជាមនុស្សចេះដឹង មានការគិតគូបានហ្មត់ចត់ នឹងក្លាយជាមនុស្សដែលមានចរិតចាស់ទុំទៀតផង។ អ្នកលេងកីឡាអុកមានចិត្តអត់ធ្មត់ ស្ងប់ស្ងាត់ទើបផ្ដួលគូប្រកួតបាន។ សព្វថ្ងៃនេះ សហព័ន្ធមានក្លឹបចំណុះចំនួន១០រួចមកហើយ។ ដូច្នេះបើសិនជាពួកគេចង់ក្លាយជាកីឡាអុកដែលមានជំនាញច្បាស់លាស់អាចមកសំចូលជាសមាជិករបស់ក្លិបណាមួយក៏បាន៕