ក្លឹបប៊ូល និងប៉េតង់ក្រសួងពារជាតិគ្រោងពានធំ ពានរង្វាន់សម្តេចក្រសោម ស ខេង ប្រចាំឆ្នាំ២០១៧ បន្ទាប់ពីយកឈ្នះក្លឹបទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងពិន្ទុ ១៣ ទល់នឹង ១១ លើវិញ្ញាសា ៣ទល់នឹង៣ កាលពីថ្ងៃទី១១ ខែកញ្ញា ម្សិលមិញ នៅពហុកីឡដ្ឋានជាតិ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មានប្រសាសន៍ថា លទ្ធផលជាផ្លែផ្កា នាពេលនេះជាការខិតខំរួមគ្នារបស់ថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក ជាពិសេសគឺកីឡាករ កីឡាការិនីទាំងអស់ ហើយទាំងអស់គ្នាត្រូវតែបន្តការខិតខំបែបបនេះជាបន្តទៀត ដើម្បីដណ្តើមបាននូវកិត្យានុភាពមកជូនជាតិមាតុភូមិរបស់ខ្លួនជាបន្តទៀត ដោយពេលកន្លងមកប្រភេទកីឡាប៊ូល និងប៉េតង់កម្ពុជាជាកីឡាដែលធ្លាប់ឈ្នះមេដាយមាសពិភពលោក៤ជំនាន់។ ជាមួយគ្នានេះប្រភេទកីឡាប៊ូល និងប៉េតង់កម្ពុជាក៏មានបេសកកម្មដ៏ចម្បងមួយទៀត គឺការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខផងដែរ ដោយធ្វើយ៉ាងណាត្រូវខិតខំឲ្យម្ចាស់ផ្ទះមួយនេះឈ្នះមេដាយមាសឲ្យបានច្រើន។
សម្តេចប្រធានសហព័ន្ធក៏បានត្រៀមខ្លួនផងដែរ ក្នុងការជួយជ្រោមជ្រែង លើកទឹកចិត្តឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ស្មារតី និងថវិកាជាដើម ដើម្បីពង្រឹងគុណភាពប្រភេទកីឡាមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្តេចបន្ថែមថា បច្ចុប្ប ន្ន កីឡាប៊ូល និងប៉េតង់មានក្លឹបនៅតាមបណ្តាខេត្ត-រាជធានី និងនៅតាមបណ្តាស្រុកមួយចំនួនទៀត ប៉ុន្តែវានៅតែមិនទាន់គ្រប់គ្រាន់ និងឆ្លើយតបទៅនឹងទៅនឹងសេចក្តីត្រូវរបស់ជាតិនៅឡើយទេ ដូច្នេះហើយសម្តេចបានស្នើឲ្យអ្នកជំនាញបន្តបំផុស្មារតីបង្កើតក្លឹបនៅតាមស្រុក និងក្រុងមួយចំនួន ដែលមិនទាន់មានឲ្យបានច្រើនបន្ថែមទៀត ជាពិសេសគឺត្រូវបំផុសឲ្យប្រជាពលរដ្ឋឲ្យចូលរួមគាំទ្រចំពោះសកម្មភាទាំងនោះផងដែរ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកីឡាដ៏មានសក្តានុពលរបស់កម្ពុជាមួយនេះឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
សម្រាប់លទ្ធផលជ័យលាភីលើវិញ្ញាសាចំនួន៧ ដែលបានដាក់ឲ្យប្រកួតនោះ គឺក្រសួងការពារជាតិរកបានមេដាយមាស២លើវិញ្ញាសាម្នាក់ទល់ម្នាក់យុវជនអាយុក្រោម១៧ឆ្នាំ និងវិញ្ញាសា ៣នាក់ទល់៣នាក់បុរាពានធំ។ ក្លឹបប៉េតង់យោធភូមិភាគពិសេសបានមេដាយមាស១គ្រឿងលើវិញ្ញាសានារី៣នាក់ ទល់៣នាក់ និងក្លឹបប៉េតង់ដូនពេញនាគព័ន្ធបានមេដាយមាស១គ្រឿងលើវិញ្ញាសា៣នាក់ទល់៣នាក់វ័យចាស់ ខណៈក្លឹបទីស្ដីការគណៈរដ្ឋមន្ត្រីបានមេដាយមាស៣គ្រឿងគឺវិញ្ញាសា៣នាក់ ទល់៣នាក់ពានធំ វិញ្ញាសាម្នាក់ទល់ម្នាក់នារីងាយុក្រោម១៧ឆ្នាំ និងវិញ្ញា សាវាយចម្រុះ ៣នាក់ទល់៣នាក់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប៊ូល និងប៉េតង់លើកទី១៧ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០១៧នេះ មានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន ៣១៩នាក់ ប្រកួតលើ៧វិញ្ញាសា៕