សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបង្ហាញសមាសភាពកីឡាករ ២០ រូបចុងក្រោយ នៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម ឆ្នាំ២០១៧ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងអំពុងពាក់កណ្តាលខែសីហានេះ។

យោងតាមលិខិតផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីម្សិលមិញ ដែលចុះហត្ថលេខា ដោយលោក ម៉ៃ តុលា ប្រធានប្រតិភូ និងជាអគ្គលេខាធិការស្តីទីបានឲ្យដឹងថា សមាសភាពកីឡាករជម្រើសជាតិទាំង២០រូប ត្រូវបានជ្រើសរើសចេញពី៥ក្លឹប ដែលកំពុងប្រកបអាជីព នៅលីគកំពូលកម្ពុជា មានដូចជា កីឡាករ ៨ រូបចេញក្លឹបភ្នំពេញក្រោន, កីឡាករ ៧ រូបចេញពីក្លឹបព្រះខ័នរាជស្វាយរៀង, កីឡាករ២រូបចេញពីក្លឹបក្រសួងការពារជាតិ, កីឡាករ១រូបចេញពីក្លឹបណាហ្គាវើល នឹងក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ១រូប។ សម្រាប់បេសកកម្មអន្តរជាតិមួយនេះ ក្រៅពីកីឡាករទាំង២០នាក់នេះ គឺមាន៩នាក់ផ្សេងទៀត ដែលជាគ្រូបង្គោល លោក LIONARDO VITORINO អមដោយគ្រូជំនួយ៤នាក់, ពេទ្យ, មន្ត្រីពត៌មាន និងអ្នកចាត់ការទូទៅ ដោយដឹកនាំដោយប្រធានប្រតិភូលោក ម៉ៃ តុលា។

លោក ម៉ៃ តុលា អគ្គលេខាធិការស្តីទីសហ័ពន្ធបាល់ទាត់កម្ពុជា បានឲ្យដឹងថា ក្រុមកម្ពុជានឹងត្រូវចេញទៅ ស៊ីហ្គេមនៅម៉ាឡេស៊ី នាថ្ងៃទី១២ សីហា និងបន្តការហ្វឹកហាត់នៅទីនោះ ពី២ទៅ៣ថ្ងៃ មុនការប្រកួតចូលមកដល់។ ប្រភេទ កីឡាបាល់ទាត់នឹងត្រូវចេញដំណើរមុនគេ ដើម្បីចូលរួមប្រកួតវគ្គជម្រុះ ចំណែកឯ២៣ប្រភេទផ្សេងទៀតរបស់កម្ពុជា នឹងត្រូវចេញដំណើរជាបន្តបន្ទាប់ ដើម្បីត្រៀមក្នុងពិធីបើកជាផ្លូវការ នាថ្ងៃទី១៩ សីហា និងគ្រោងបញ្ចប់ នាថ្ងៃទី៣០ សីហា។

សូមបញ្ជាក់ថា ជម្រើសជាតិកម្ពុជាស្ថិត នៅពូល B ជាមួយក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំថៃ, វៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពីន និងទីម័រខាងកើត ខណៈកាលប្រកួតបើកឆាកសម្រាប់ពានរង្វាន់នេះ គឺនៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៧៕