ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឹរ សមាជិកនៃលីគកំពូលកម្ពុជា ប្រកាសថាខ្លួននឹងធ្វើការផ្លាស់ប្ដូរឈ្មោះថ្មីចាប់ពីរដូវកាលក្រោយតទៅ ទាំងនៅក្នុងលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

យោងតាមការប្រកាសនៅលើទំព័រផ្លូវការរបស់ម្ចាស់ក្លិប ខេមបូឌានថាយហ្គឹរ  លោក Akihiro Kato បានប្រកាសកាលពីថ្ងៃទី២៩ ខែកក្កដា ក្នុងជំនួបរវាង ក្លិបរបស់ខ្លួន ប្រកួតតទល់ជាមួយ ក្លិបគីរីវង់សុខសែនជ័យ ថាក្លិបនឹងផ្លាស់ប្ដូរឈ្មោះពី ខេមបូឌានថាយហ្គឺរ ទៅជា អង្គរថាយហ្គឺរ ចាប់ពីរដូវកាលក្រោយរៀងទៅ ក្នុងឱកាសដែលក្លិបនឹងនៅតែបន្តយកកីឡដ្ឋានខេត្តសៀមរាបធ្វើជាផ្ទះសម្រាប់បម្រើដល់ការប្រកួតក្នុងទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ថា ក្លិបខេមបូឌានថាយហ្គឺរ បានបង្កើឡើងនៅឆ្នាំ ២០១៣ ក្រោមឈ្មោះដំបូង ត្រាយអាស៊ី និងប្ដូរមកខេមបូឌានថាយហ្គឹរ នៅឆ្នាំ២០១៥ រហូតមកទល់បច្ចុប្បន្ន និងគ្រោងដូរទៅ អង្គរថាយហ្គឺរ  នៅឆ្នាំក្រោយ ក្រោមការដឹកនាំម្ចាស់ក្លិបដែលជាជនជាតិជប៉ុន៕

 

រូបភាព: Akihiro Kato