ក្រុមជម្រើសឥណ្ឌូណេស៊ី​បានមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី៥ ខែមិថុនា ម្សិលមិញ នៅអាកាសយាន្តស្ថានអន្តរជាតិភ្នំពេញ ដើម្បីជួបប្រកួតមិត្តភាពជាមួយក្រុមគោព្រៃកម្ពុជា នាថ្ងៃទី ៨ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិកខាងមុខ។

ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីដែល​ដឹកនាំដោយ លោក Luis Milla ជាមួយកីឡាករ ២២នាក់ផ្សេងទៀតមកមុនពីរថ្ងៃ ដើម្បីហ្វឹកហាត់ហ្វឹកនៅលើទឹកកម្ពុជា និងសម្របខ្លួនជាមួយអាកាសធាតុនៅកម្ពុជា ក៏ឲ្យស្គាល់ពីទីលាន។ នេះជាការប្រកួតមិត្តភាពកម្តៅសាច់ដ៉ុំ ជាមួយក្រុមកម្ពុជា ខណៈដែលកម្ពុជាប្រកួតត្រៀមចូលរួមវគ្គជម្រុះ Asian cup 2019 ជាមួយ Afghanistan ក្នុងពូល C នៅថ្ងៃទី ១៣ ខែមិថុនា ខាងមុខនេះ។

បើតាមការឲ្យដឹងពីមន្រ្តីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ការលក់សំបុត្រមានចាប់ពីតម្លែ ៥ពាន់រៀល សម្រាប់តំបន់គ្មានដំបូល និងតំបន់មានដំបូល តម្លៃ ១ម៉ឺនរៀល ដែលមកទល់ពេលនេះ តំបន់មានដំបូលត្រូវបានលក់អស់ហើយ។ មន្រ្តីរូបនេះរំពឹងថា សំបុត្រដែលគ្រោងដាក់លក់ នឹងអាចលក់អស់ ដោយបច្ចុប្បន្ន មានគំាទ្រច្រើនលើសលប់ពេញទីលានតែម្តង។

សូមបញ្ជាក់ថា ប្រវត្តិសាស្រ្តបាល់ទាត់រវាងក្រុមទាំង ២ ជម្រើសជាតិកម្ពុជា និងជម្រើសជាតិឥណ្ឌូនេស៊ី ធ្លាប់ជួបគ្នាចំនួន ២២ លើក ចាប់តាំងពីឆ្នាំ ១៩៦៥ មក ទាំងក្នុងជំនួបមិត្តភាពអន្តរជាតិ ក្នុងពានរង្វាន់ក្រៅផ្លូវការ និងនៅក្នុងពានរង្វាន់ផ្លូវការផងដែរ ដោយក្នុងនោះ ជម្រើសជាតិឥណ្ឌូនេស៊ី ឈ្នះរហូតដល់ ១៨ ដង និងជម្រើសជាតិកម្ពុជា ធ្លាប់ឈ្នះ ២ ដង និងក្រៅពីនេះស្មើចំនួន ២ ដង។