ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំបានទៅដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅថ្មីៗនេះ នៅកំពុងបង្កើនការហ្វឹកហាត់នៅលើទឹកដីនៃប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមខ្លួនឲ្យបានកាន់តែប្រសើរ សម្រាប់ជំនួបបើកឆាកជាមួយក្រុមជម្រើសជាតិ ហ្វីលីពីន នាល្ងាចថ្ងៃទី១៥ សីហា ថ្ងៃអង្គារ៍ ស្អែកនេះ វេលាម៉ោង ៧ និង៤៥នាទីយប់។

សម្រាប់ការប្រកួតលើប្រភេទកីឡាបាល់ទាត់ផ្នែកបុរសនេះ គឺចែកចេញជាពីរពូល គឺក្រុមកម្ពុជាស្ថិតនៅក្នុង ពូល B ជាមួយនឹង៥ប្រទេសផ្សេងទៀត គឺជើងឯកឆ្នាំចាស់ ថៃ, វៀតណាម, ហ្វីលីពីន, ទីម័រខាងកើត និងឥណ្ឌូណេស៊ី។ សម្រាប់ការប្រកួតនៅក្នុងពូលA វិញ គឺត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃចន្ទនេះ ដោយមាន២ប្រកួត គឺជាការជួបគ្នា មីយ៉ាន់ម៉ា ប៉ះជាមួយ សិង្ហបុរី និងម្ចាស់ផ្ទះ ម៉ាឡេស៊ី ប៉ះជាមួយ ប្រ៊ុយណេ។

សម្រាប់ការប្រកួតស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី នេះ គឺទូរទស្សន៍ រស្មីហង្សមាស HDTV បាន ទទួលសិទ្ធិផ្តាច់មុខ ក្នុងការផ្សាយបន្តផ្ទាល់ពីការប្រកួតនានា ពីប្រទេសម៉ាឡេស៊ី ជូនដល់ប្រិយមិត្តកម្ពុជាទូទាំងប្រទេសបានទស្សនាផងដែរ ដោយស៊ីហ្គេម លើកនេះ មាន៣៦ប្រភេទកីឡា រីឯកម្ពូជាបានបញ្ជូនអត្តពលិក ២៤៤ នាក់ សម្រាប់ការចូលរួមប្រកួត លើ២៤ប្រភេទកីឡា៕