អត្តពលិកកម្ពុជា២រូបទៀត រួមមានកីឡាករ ឈុន សុខឡេង និងកីឡាការិនី Tubbs Casandre Nicole បានបាត់បង់ឱកាសក្នុងការដណ្ដើមមេដាយពីព្រឹត្តិការណ៍កីឡា តេក្វាន់ដូកម្រិតពិភពលោក MUJU WTF WORLD TAEKWONDO CHAMPIONSHIP 2017 បន្ទាប់ពីរងបរាជ័យដូចគ្នានៅព្រឹកនេះ។

ជាលទ្ធផល កីឡាករ ឈុន សុខឡេង បានជ្រុះចេញត្រឹមវគ្គ៦៤នាក់ចុងក្រោយ ក្នុងការប្រកួតលើប្រភេទទម្ងន់៦៣គីឡូក្រាម បន្ទាប់ពីធ្វើបានយ៉ាងល្អនៅវគ្គ១២៨ ដោយបានយកឈ្នះ កីឡាករមកពីសិង្ហបុរី Tan Jason ​ដោយ​ពិន្ទុ​ ២០ទល់១១​ និងបានឡើងមកជួបកីឡាករសញ្ជាតិក្រូអាត Brecic Lovre ប៉ុន្តែបរាជ័យដោយលទ្ធល ២៧ទល់៦ អស់ឱកាសឡើងទៅវគ្គបន្ត។

ដោយឡែកកីឡាការិនី កូនកាត់ខ្មែរអាមេរិក Tubbs Casandre Nicole ក៏បាត់បង់ឱកាសដូចគ្នា ក្រោយបរាជ័យក្រោមស្នាដៃកីឡាការិនីសញ្ជាតិប្រេស៊ីល​​ Aroujo Rafaela ​ដោយ​លទ្ធផល​ ​១១ទល់១០។

គួរបញ្ចាក់ថា ខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា បានបញ្ជូលអត្តពលិកចំនួន ៥រូប ទៅប្រកួតព្រឹត្តិការណ៍ Muju WTF World Taekwondo Championship 2017 ដើម្បីពង្រឹងបច្ចេកទេស សមត្ថភាពរបស់ខ្លួន ត្រៀមចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ២៩ នៅប្រទេសម៉ាឡេស៊ី នាពាក់កណ្តាលខែ សីហាខាងមុខ៕