នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះតួលេខអ្នកចុះឈ្នោះរត់ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ លើកទី៧ ប្រចាំឆ្នាំ ២០១៧ កើនឡើងដល់ ៤៦៥៨នាក់ហើយ គិតមកត្រឹមថ្ងៃ ព្រហស្បត្តិ៍នេះ ដែលនឹងព្រឹត្តិទៅនៅថ្ងៃទី១៨ ខាងមុខ នៅមុខព្រះបរមរាជវាំង ដើម្បីអបអរសារទរទិវាបុណ្យចម្រើនព្រះជន្មសម្តេចមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឪកាសគម្រប់ព្រះជន្ម ៨១ព្រះវស្សា យាងនចូល ៨២ព្រះវស្សា ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មារធិរជាតិអូឡាំពិក បានឲ្យដឹងថា ក្នុងចំណោមអត្តពលិកចំនួន ៤៦៥៨នាក់នេះ មានជនបរទេសចំនូន ៦៤៥នាក់ មកពី ៣១ប្រទេស និងប្រជាជនខ្មែរមានចំនួន ៤០០៣នាក់ ដោយឃើញនូវកំណើននៃការចុះឈ្មោះយ៉ាងផុសផុលបែបនេះ ឯកឧត្តមរំពឹងទុកថា និងមានអ្នកចូលរួមរត់រហូតដល់ ៥០០០នាក់ ហើយបើធៀបទៅនឹងឆ្នាំមុនចំនួនអ្នកចូលរួមរត់កើនឡើង ១៥ភាគរយ។ អគ្គលេខាធិការ NOCC រូបនេះបន្តទៀតថា ក្រោយពីបានបន្ថែមកន្លែងចុះឈ្មោះនៅមុខព្រះបរមរាជវាំងនាពេលថ្មីៗ កន្លងមកនេះ មកទល់និងថ្ងៃទី១៥ ខែមិថុនានេះ គឺជាថ្ងៃចុងក្រោយក្នុងការទទួលពាក្យនៅទីនោះ បន្ទាប់មកគណៈកម្មការនឹងធ្វើការចែកសម្ភារៈ ឬប័ណ្ណសម្គាល់ខ្លួនរយៈពេល ២ថ្ងៃ នៅថ្ងៃទី១៦-១៧ ខែមិថុនា ពោលគឺមុនការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ ១ថ្ងៃ។
ចំពោះការចុះឈ្មោះនេះធ្វើតាំងពីខែមករា មកម្ល៉េះតាមរយៈ Online ក៏ដូចជានៅគណៈកម្មារធិការជាតិអូឡាំពិក, ក្រុមហ៊ុន Smart ខាងលក់ស្បែកជើង Sketcher និងទីតាំងផ្សេងៗ ទៀតផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ ២១គីឡូម៉ែត្រ នេះត្រូវ បានបង្កើតឡើង ដើម្បីចូលរួមអបអរសាទរថ្ងៃចម្រើនព្រះជន្មសម្ដេចម៉ែ ព្រះ មហាក្សត្រី នរោត្តម មុនិនាថ ព្រះវរ មាតាជាតិខ្មែរ ហើយរត់ដើម្បីទីក្រុងស្អាត, បៃតង ព្រមទាំងរត់ដើម្បីសប្បុរសធម៌ ក្នុងការស្វែងរកថវិកាជួយមន្ទីរ ពេទ្យ គន្ធបុប្ផា និងរត់ដើម្បីភ្នំពេញជាគោលដៅទេសចរណ៍ដ៏ទាក់ទាញផងដែរ៕