ក្នុង​ការ​ប្រកួត​មិត្ត​ភាព​កាល​ពី​ម្សិលមិញ​ ក្រុម​ភ្នំពេញ​ក្រោន​​ ដែល​បែង​ចែក​ក្រុម​កីឡាករ​ទាំងអស់​ជា​២​ផ្នែក​នោះ ​គឺ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ ដោយ​ពួក​គេ​ស្មើ​ជាមួយ​ណាហ្គា​វើល​៣-៣ក្នុង​ការ​ប្រកួត​ទី​១​​ និង​ឈ្នះ​អាស៊ី​អឺរ៉ុប​៦​ទល់​៣​ក្នុង​ការ​ប្រកួត​ទី​២។

ក្នុង​ការ​ប្រកួត​​ទី​មួយ ​ភ្នំពេញ​ក្រោន​បាន​ត្រឹម​ស្មើ​៣ទល់​៣​ដោយ​លទ្ធផល​នេះ​ ក្រុម​ណាហ្គាវើល​ធ្វើ​ការ​នាំ​មុខ​ដល់​ទៅ​៣​គ្រាប់​មុន​ក្នុង​វគ្គ​ទី​១។ ចូល​វគ្គ​ទី​២​ក្រុម​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​បាន​ធ្វើ​ការ​តាម​ពី​ក្រោយ​រហូត​ដល់​មាន​លទ្ធផល​ស្មើ​។

បី​គ្រាប់​របស់​ក្រុម​លោក​ Sean Sainsbury រក​បាន​ដោយ​កីឡាករ​ Pouya Houseinni, អ៊ិន សូដាវីដ និង ស៊ិន កក្កដា ​​នៅ​នាទី​៤៧, ៥៧, និងនាទី៧៥​បន្ត​បន្ទាប់​គ្នា។ កីឡាករ​ដែល​លេចធ្លោ​ជាង​គេ​គឺ​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​ ស៊ិន កក្កដា​​ ដែល​រក​បាន​មួយ​គ្រាប់​និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​មួយ​គ្រាប់។

ក្នុង​ការ​ប្រកួត​នេះ​គេ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​១៩​ឆ្នាំ​មាន​សកម្មភាព​ច្រើន​ជាង​គេ ​ដោយ​គ្រប់​គ្រង់​តំបន់​ប្រយុទ្ធ​ស្ទើរ​តែ​ទាំង​អស់​។

ចំណែក​ការ​ប្រកួត​ទី​២​ក្រុម​កីឡាករ​ភ្នំពេញ​ក្រោន​ឈុត​ទី​២ ​បាន​យក​ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប​ដោយ​លទ្ធផល​៦​ទល់​៣​។ ក្នុង​ការ​ប្រកួត​នេះ​ ខ្សែ​ប្រយុទ្ធ​យឿ ម៉ូស្លីម​ បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដោយ​បាន​ទាត់​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​៥៤ ៧៤ និង​នាទី​៨៨។ ៣​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ Jorrin John នាទី​៦៥​ និង​ សាត ​រ៉ូហ្សាក់​នាទី​៨៨៕

រូបភាព៖ PPCFC