អ្នកប្រដាល់គុនខ្មែរ ឃីម ឌីម៉ា បានមកដល់មាតុភូមកម្ពុជាវិញហើយ នៅមុននេះបន្តិច បន្ទាប់ពីបញ្ជប់បេសកកម្មរបស់ខ្លួន ដោយឈ្នះមេដាយមាស ១គ្រឿង ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ខណៈម្ចាស់មេដាយសំរឹទ្ធ ឡៅ ចិត្រា និងវ៉ាន់ វឿន មកជាមួយផងដែរ ។
ជាមួយនឹងដំណើរនិវត្តន៍នេះដែរ ម្ចាស់មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា បានឲ្យដឹងថា សម្រាប់ការប្រកួតដំបូង បើទោះជាផ្តួលប្រកួតជាកីឡាករហ្វីលីន ឲ្យសន្លប់ក៏ពិតមែន ប៉ុន្តែខ្លួនបានមានបញ្ហាឈឺដៃខាងស្តាំនៅក្រោយបញ្ចប់ការប្រកួត ខណៈនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានឈ្នះកីឡាហ្វីលីនមួយទៀតក្តី ក៏មានបញ្ហាឈឺស្មាខាងឆ្វេងទៀត ប៉ុន្តែទោះជាយ៉ាង នៅក្នុងការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ឌីម៉ា មិនគិតអ្វីច្រើនទាំងអស់ គីដឹងតែវាយឲ្យអស់សមត្ថភាព ដើម្បីឈ្នះមេដាយមាសជួនប្រទេសជាតិប៉ុណ្ណោះ។ ឌីម៉ា បញ្ចាក់ថា “ខ្ញុំសូមអរគុណដល់ប្អូនដល់បងប្អូនប្រជាពរដ្ឋខ្មែរទាំងអស់ដែលបានគាំ្ររូបខ្ញុំ ហើយដោយសារតែមានការគាំទ្ររបស់បងប្អូននេះហើយ ទើបធ្វើឲ្យខ្ញុំមានកម្លាំងចិត្តតស៊ូរហូតទទួលបានជ័យជម្នះ ចំពោះការឈ្នះមេដាយមាសមួយនេះ គឺមិនមែនសម្រាប់តែខ្ញុំម្មាក់ឯងទេ វាជារបស់បងប្អូនប្រជាជនខ្មែរយើងទាំងអស់គ្នាផងដែរ”។
សូមបញ្ជាក់ថា សហព័ន្ធប្រដាល់គុនខ្មែរ បានបញ្ជូនកីឡាករ ៥រូប ចូលរួមការប្រកួតស៊ីហ្គេម លើកទី២៩ នេះ ដោយក្នុងនោះមានកីឡាករ ៤រូប ដណ្តើមបានមេដាយ ៤គ្រឿង រូមមានកីឡាករ ឃីម ឌីម៉ា ឈ្នះមេដាយមាស, កីឡករ ម៉ឺន សុភា ដណ្តើមបានមេដាយប្រាក់។ ចំណែកឯក កីឡាករ ឡៅ ចិត្រា និងកីឡាករ វ៉ាន់ វឿន ដណ្តើមបានមេដាយសំរឹទ្ធម្មាក់ ១គ្រឿងផងដែរ៕