ខណៈព្រឹត្តិការណ៍ពាន់រង្វាន់ មិត្តភាព អន្តរក្រសួង ស្ថាប័ន រដូវកាលថ្មី លើកទី៥ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា ស្អែកនេះ ក្រុមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាម្ចាស់ដំណែងជើងឯក ពានរង្វាន់មិត្តភាពយុវជនអន្ត ក្រសួងស្ថាប័ន លើកទី៤ រដូវកាលមុន ឆ្នាំ២០១៦ បានខិតខំហ្វឹកហាត់ បង្កើនបច្ចេកទេសយ៉ាងខ្លាំង ក្នុងការត្រៀមខ្លួនឲ្យបានល្អ ដើម្បីការពារដំណែងម្ចាស់ជើងឯករដូវកាលថ្មី លើកទី៥ ប្រចាំឆ្នាំ ២០១៧ នេះ។
តំណាងក្រុមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ូ រតនា បានឲ្យដឹងនៅពេលហ្វឹកហាត់ នៅទីលាន All Sport កាលពីយប់មិញថា សម្រាប់ការហ្វឹកហាត់នេះ គឺដើម្បីត្រៀមខ្លួនឲ្យបានល្អ គ្រប់គ្រាន់ ដើម្បីប្រកួតថ្ងៃបើកឆាកក្នុងពូលA ជាមួយក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅលើទីលាន Premium Sport Club ហើយក្រសួងការងារ រំពឹងទុកថានឹងអាចយកបាន ៣ពិន្ទុពីការប្រកួតដំបូងឲ្យបាន ដើម្បីជាទុនមួយឆ្ពោះទៅការពារតំណែងជើងឯក នារដូវកាលថ្មីនេះទៀតផង។
លោកបន្តថា សម្រាប់រដូវកាលថ្មីនេះក្រុមរបស់លោក បានផ្លាស់ប្តូរកីឡាករថ្មីៗ ប្រមាណ ៤០% ត្រៀមប្រជែងពានក្រៅអាជិពមួយនេះ។ ហើយក្រុមក្រសួងការងារ បានប្រមូលផ្ដុំគ្នាហ្វឹកហាត់មុនការប្រកួត ជិត៣ខែមកហើយ ដោយលោកមានជំនឿចិត្តថា កូនក្រុមទាំងអស់នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីការពារជើងឯក ពិសេសគឺការប្ដេជ្ញាយកឲ្យបាន ៣ពិន្ទុ នៅថ្ងៃបើកឆាកស្អែកនេះ បើទោះបីក្រុមក្រសួងសេដ្ឋកិច្ច គឺជាក្រុមខ្លាំងមួយក៏ដោយ។ ទន្ទឹមនឹងការត្រៀមចូលរួមប្រកួតពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន ឆ្នាំ២០១៧នេះ, លោក អ៊ូ រតនា ក៏បានថ្លែងសម្តែងការដឹងគុណចំពោះឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលអនុញ្ញាត និងគាំទ្រការចូលរួមនេះ ដោយឯកឧត្តមតែងតែជួយឧបត្ថម្ភថវិកាជារៀងរាល់លើកផងដែរ។ ក្រៅពីនេះ ម្ចាស់ទីលាន All Sport នៅសង្កាត់ជ្រោយចង្វារ ក៏បានឧបត្ថម្ភទីលានសម្រាប់ហ្វឹកហាត់ ១០០% ជូនដល់ក្រុមក្រសួងការងារផងដែរ។
ចំណែកឯ កីឡាករ ថឹម ប៊ុនរ័ត្ន អ្នកចាំទីរបស់ក្រសួងការងារបានឲ្យដឹងដែរថា រដូវកាលថ្មីនេះ ក្រុមខ្លួនបានខិតខំបង្កើនការយ៉ាងខ្លាំងក្លា ព្រោះជាក្រុមការពារតំណែងជើងឯក។ ម្យ៉ាងក្រុមមកពីបណ្ដាក្រសួង-ស្ថាប័នផ្សេងៗ ពិសេសគឺគូប្រជែងក្នុងពូលសុទ្ធតែបានត្រៀមខ្លួនយ៉ាងល្អដូចៗគ្នា៕