អ្នកប្រដាល់គុនខ្មែរ ឃីម ឌីម៉ា ឈ្នះមេដាយមាស បន្ទាប់បានយកឈ្នះកីឡាករថៃ Chonlawit .P លេីប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ខណៈកីឡាករ ម៉ឺន សុភា បានត្រឹមមេដាយប្រាក់ បន្ទាប់ពីប្រកួតចាញ់កីឡាករថៃ Anueng លេីប្រភេទទម្ងន់ ៧១គីឡូក្រាម នៅស៊ីហ្គេម លេីកទី២៩ ប្រទេសម៉ាឡេស៊ី។
ជាមួយនឹងការដណ្តេីមមេដាយមាសរបស់កីឡាករជេីងខ្លាំងប្រដាល់គុនខ្មែរ ឃីម ឌីម៉ា នៅថ្ងៃទី២៩ ខែសីហានេះដែរ គឺបានប្រកួតឈ្នះកីឡាករថៃ ក្នុងលទ្ធផលពិន្ទុ ២៩ ទល់ ២៨ នៅវគ្គផ្តាច់ព្រ័ត្រ ។ ចំណែកឯកីឡាករ ម៉ឺន សុភា បានប្រកួតចាញ់ កីឡាថៃ ក្នុងលទ្ធផលពិន្ទុ ២៧ ទល់ ៣០ នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នាបានត្រឹមមេដាយប្រាក់។
សូមបញ្ជាក់ថា កីឡាករប្រដាល់គុនខ្មែរ ៥រូបដែលចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់អាស៊ាននេះ មានកីឡាករ ៤រូបឈ្នះមេដាយ ៤គ្រឿង រូមមានកីឡាករ ឃីម ឌីម៉ា ឈ្នះមេដាយមាស ១គ្រឿង កីឡាករ ម៉ឺន សុភា ឈ្នះមេដាយប្រាក់ ១គ្រឿង កីឡាករ ឡៅ ចិត្រា និងកីឡាករ វ៉ាន់ វឿន ដណ្តេីមបានមេដាយសំរឹទ្ធម្មាក់ ១គ្រឿងផងដែរ៕