សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា ប្រកាសតែងតាំងសម្តេច ក្រឡាហោម ស ខេង ជាប្រធានសហព័ន្ធអាណត្តិថ្មី ជំនួស សម្តេច វិបុលបញ្ញា សុខ អាន ក្រោមការចង្អុលបង្ហាញពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ លោក ថោង  ខុន និង ថ្នាក់ដឹកនាំសហព័ន្ធជាច្រើនរូបទៀត កាលពីរសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៧នេះ នៅក្រសួងមហាផ្ទៃ។

ក្រោយបញ្ចប់ប្រកាសតែងតាំងប្រធានសហព័ន្ធអាណត្តិថ្មី សម្តេច ក្រឡាហោម ស ខេង មានប្រសាសន៍ ដាក់ចេញនូវអនុសាសន៍ ចំនួន២ ដើម្បីអភិវឌ្ឍវិសយកីឡាប៉េតង់កម្ពុជា​ ឲ្យមានការរីកចម្រើនឥតឈប់ទៅមុខទៀត ដើម្បីត្រៀមខ្លួន ឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើក៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្រេចក្រឡាហោម មានប្រសាសន៍បន្ថែមថា ដើម្បីពង្រឹងនូវសក្តានុពលកីឡាប៉េតង់បន្តទៀត ទី១ត្រូវបង្កើតសាលាបណ្តុះបណ្តាលជំនាញផ្នែកកីឡាប៉េតង់ឲ្យបានល្អនៅក្នុងអាណត្តថ្មីនេះ និងទី២ អនុប្រធានទី១ លោក ព្រហ្ម ឌិន អនុប្រធានទី១ និងលោក សំ ជិន អនុប្រធានសហព័ន្ធ ត្រូវធ្វើយ៉ាងរៀបចំការប្រកួតប៉េតង់ លីគ ឬការប្រកួតប៉េតង់ជាប្រព័ន្ធ  ឲ្យបានក្នុងពេលឆាប់ៗ ដោយប្រមូលផ្តុំក្លិបប៉េតង់ទាំងអស់ ទូទាំងប្រទេស ប្រកួតគ្នារៀងរាល់ ៣ខែម្តងៗ វិលជុំឲ្យបានច្រើនដង និងចែកជាម្រិត លីគ ដើម្បីឈានទៅរកជ័យជម្នះ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ក្រោមអនុសាសន៍របស់សម្តេចក្រឡាហោ ស ខេង ទាំងពីរខាងលើ គឺជាគំនិតផ្តួចផ្តើម ល្អបំផុត ស្របទៅតាមលក្ខណៈស្តងដារ នៅក្នុងរៀបចំនេះ ធ្វើវិស័យកីឡាប៉េតង់មានការរីកចម្រើនឆាប់រហ័ស។ ទាំងនេះគឺស្ថិតក្នុងសយុទ្ធសាស្រ្តរបស់គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ខណៈ លោក​ ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ហើយថា​ សហព័ន្ធជាតិទាំងអស់ ចាប់ពីពេលនេះទៅ ក្រៅពីហ្វឹកហាត់ ត្រូវឲ្យមានការប្រកួតច្រើនដង ជាប្រចាំ និងការប្រកួតលក្ខណៈលីគនេះជាដើម ។ ដោយកត្តាទាំងនេះហើយដែលធ្វើមានការជម្រើសរើស កីឡាករ កីឡាការិនីល្អៗ  មានទេព្យកោសល្យ និងបច្ចេកទេសកាន់តែប្រសើឡើង ព្រមទាំងអាចវាយតម្លៃសិទ្ធិផលបានល្អ រៀលឆ្នាំផងដែរ៕