CARINO ដែលជាសេះខ្លាំងលំដាប់អន្តរជាតិ បានដណ្តើមជើងឯកពានរង្វាន់ SCT Sport Complex ប្រចាំខែសីហា រដូវកាលទី២ ឆ្នាំ២០១៧ ខណៈដែលសេះខ្លាំងលំដាប់អន្តរជាតិនេះបានប្រជែងលើគូប្រកួតនានា ក្នុងពូលA កាលពីល្ងាចម្សិលមិញ នៅទីលាន SCT Sport Complex នៃតំបន់អភិវឌ្ឍក្រុមហ៊ុន 7NG នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ការប្រកួតប្រណាំងសេះនៅទីលាន SCT Sport Complex មានការបែងចែកជាច្រើនពូល ប៉ុន្តែសេះដែលល្អផ្តាច់គេ គឺជាសេះដែលប្រកួត នៅក្នុងពូលA ដែលសុទ្ធសឹងតែជាពូជសេះល្អៗនាំចូលពីសហរដ្ឋអាមេរិក។ ចំពោះប្រភេទសេះ ក្នុងពូល A ដ៏ទាក់ទាញជាងគេនោះ គឺសេះឈ្មោះ CARINO ជាអ្នកទទួលបានចំណាត់ថ្នាក់លេខ១ ដោយរត់ដាច់សេះដទៃទៀតឆ្ងាយតែម្ដង ហើយបានឡើងគ្រងម្ចាស់ជើងឯកប្រចាំខែសីហានេះ ជាមួយនឹងប្រាក់រង្វាន់ប្រចាំខែចំនួន ៤លានរៀល។ សម្រាប់ខែសីហានេះ សេះខ្លាំងៗមួយចំនួនទៀត ដែលធ្លាប់ដណ្តើមបានជ័យលាភីនោះ មិនបានចូលរួមនោះទេ។ ការប្រកួតសម្រិតសម្រាំងស្វែងរកសេះខ្លាំងៗប្រចាំនីមួយនេះ គឺដើម្បីជ្រើសរើសយកទៅប្រកួតនៅដំណាច់ឆ្នាំ២០១៧ នាខែធ្នូ ខាងមុខ ដើម្បីដណ្តើមប្រាក់រង្វាន់ដ៏ធំសម្បើមចំនួន ២ម៉ឺន ៥ពាន់ដុល្លារសហរដ្ឋអាមេរិក។
លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយករង ក្រុមហ៊ុន 7NG និងជាស្ថាបនិក SCT Sport Complex មានប្រសាសន៍ថា ការចំណាយធនធនជាង២០ម៉ឺនដុល្លារអាមេរិកជារៀងរាល់ឆ្នាំបែបនេះ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងសេះគឺ លោក ចង់ឃើញវិស័យកីឡាមួយនេះរីកចម្រើនឡើងក្នុងប្រទេសកម្ពុជា ក៏ដូចជារួមចំណែកអភិវឌ្ឍវិស័កីឡាប្រ ណាំងសេះឲ្យកាន់តែប្រសើរឡើង ក្នុងគោលដៅជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហព័ន្ធជំនាញ ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាម២០២៣ ខាងមុខផងដែរ។ លោកតែងចំណាយប្រាក់ផ្ទាល់ខ្លួនសម្រាប់រៀបចំវាឡើងតាំងពីដើមឆ្នាំ២០១៦កន្លងទៅមកម្ល៉េះ។ ខណៈដែលឆ្នាំនេះវិញ រឹតតែធំជាងឆ្នាំមុនទៅទៀត ដោយការប្រកួតរៀងរាល់ខែមានប្រាក់រង្វាន់១ពាន់ដុល្លារ និងការប្រកួតធំចុងឆ្នាំនឹងមានប្រាក់រង្វាន់ដល់ទៅ ២៥ ០០០ដុល្លារអាមេរិកឯណោះ សម្រាប់សេះ ដែលគ្រងម្ចាស់ដំណែងជើងឯករដូវកាលទី២នេះ៕