ក្លឹបកីឡាវ៉ូវីណាមរបស់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនចំនួន៩នាក់ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា វ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៧ នៅក្នុងវិមានកីឡដ្ឋានជាតិ ដោយចាប់ផ្តើមដំណើរការជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញាម្សិលមិញ ដោយក្លឹបមួយនេះមានក្តីសង្ឃឹមខ្ពស់ថាយ៉ាងហោចណាស់នឹងដណ្តើមមេដាយមាសចំនួន៣វិញ្ញាសា។

លោក ពៅ ហុក តំណាងក្លឹបវ៉ូវីណាម សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប មានប្រសាសន៍ថា អស់រយៈពេល៣ឆ្នាំ មកហើយ ដែលក្លឹបរបស់លោកបានបើកឲ្យដំណើរការ និងធ្លាប់បានចូលរួមប្រកួត និងដណ្តើមមេដាយមួយចំនួន ពីព្រឹត្តិការណ៍កីឡាជើងឯកថ្នាក់ជាតិបែបនេះ។ ប៉ុន្តែនៅឆ្នាំ២០១៧នេះ ក្លឹបអាស៊ីអឺរ៉ុបអាចចាត់ទុកថា ជាការចាប់ផ្តើមថ្មីមួយ ព្រោះឆ្នាំនេះកីឡាករ កីឡាការិនីទាំងអស់បានប្តេជ្ញាធ្វើឲ្យបានល្អប្រសើរ បន្ទាប់ពីមានការលើកទឹកចិត្តយ៉ាងខ្លាំងក្លា និងផ្តល់ជូនថវិកាឲ្យចូលរួមប្រកួត ពីសំណាក់ឯកឧត្តម ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប។ លោក ពៅ ហុក បន្ថែមថា ក្នុងចំណោមអត្តពលិក៩នាក់ មានកីឡាករ៤នាក់ និងកីឡាការិនី ៥នាក់ ដែលបានប្រកួតលើវិញ្ញាសាសម្តែងមេគុណឯកត្តជន ជាក្រុម និងវិញ្ញាសាប្រយុទ្ធ ដោយមានច្រើនប្រភេទទម្ងន់ផ្សេងៗគ្នា។

លោក កែវ ហុកលី អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍ថ្នាក់ជាតិឆ្នាំនេះ មានអត្តពលិកចូលរួមសរុបចំនួន១០២នាក់ ក្នុងនោះមានកីឡាករ ៩៥នាក់ និងកីឡាការិនី ២៣នាក់ មកពី៨ក្លឹប ដោយមានវិញ្ញាសាដាក់ឲ្យប្រកួតមានចំនួន១៦តូចៗ ដោយបំបែកចេញពីវិញ្ញាសាធំៗចំនួន២នោះ។ ការប្រកួតថ្នាក់ជាតិនេះជាការចំណាយថវិកាទាំងស្រុងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសហការបច្ចេកទេសជាមួយសហព័ន្ធវ៉ូវីណាមកម្ពុជា។

សូមបញ្ជាក់ថា កីឡាវ៉ូវីណាមនេះ គឺជាប្រភេទកីឡាសក្តានុពលខ្លាំក្លាមួយរបស់ព្រះរាជាណាក្រកម្ពុជា ដោយកាលពីពេលថ្មីៗកន្លងទៅនេះធ្លាប់ដណ្តើមបានមេដាយមាស៤គ្រឿង រួមទាំងមេដាយប្រាក់ និងសំរិទ្ធជាច្រើនគ្រឿងផ្សេងទៀតពីព្រឹត្តិការណ៍កីឡាវ៉ូវីណាម ជើងឯកពិភពលោក នៅប្រទេសឥណ្ឌាផងដែរ៕