ប្រតិភូកម្ពុជាចំនួន ២១រូប បានវិលត្រឡប់មកដល់មាតុភូមិវិញហើយ បន្ទាប់ពីទៅចូលរួមព្រឹ្តតិការណ៍ Francophonie នៅប្រទេស Cote D’lvoire ខណៈដែលកីឡាការិនិចំបាប់ ជ័យ ច័ន្ធរស្មី ដណ្តើមបានមេដាយសំរឹទ្ធ ១គ្រឿងមកជួបប្រទេសជាតិ កាលពីថ្ងៃទី០១ ខែសីហា ម្សិលមិញ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
លោក ប៊ូជុំ សេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានដឹកនាំប្រតិភូទៅចូលរួមព្រឹត្តិការន៍នេះ មានប្រសាសន៍ថា ក្នុងចំណោមប្រតិភូ ទាំង ២១រូបនេះ ចែកជាពីរផ្នែក គឺផ្នែកកីឡាមាន ៤ប្រភេទកីឡា មាន ចំបាប់ វាយកូនឃ្លីលើតុ អត្តពលកម្ម និង យូដូ ចំណែកផ្នែកសិល្បៈមាន ៤ប្រភេទវិញ្ញាសាដូចគ្មា មាន រាំបាំ ចំលាក់ រូបភាព និងគំនូរ។
លោកបន្ថែមទៀត ជាលទ្ធផលល្អប្រសើណាស់សម្រាប់កម្ពុជា ដោយកីឡាការិនីចំបាប់ ជ័យ ច័ន្ទរស្មី ប្រកួតលើវិញ្ញាសាចំបាប់សេរី ទទួលបានចំណាត់លេខ៣ ស្ទួន ដណ្តើមបានមេដាយសំរឹទ្ធ បន្ទាប់ពីប្រកួតចុងក្រោយចាញ់កីឡាការិនី Stewart Samantha លើប្រភេទទង្ងន់ ៥៣គីឡូក្រាម មកពីប្រទេស Madagascar ហើយសម្រាប់កីឡាការិនីចំបាប់ MC Laren មកពីប្រទេស Canada ឈ្នះមេដាយមាស និងកីឡាការិនី Rasoanantenainan Elisa Emma Patrida។
លោកអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បន្ថែមទៀតថា នេះជាលើកទី៤ ហើយដែលកម្ពុជាបញ្ជួនប្រតិភូទៅចួលរួមព្រឹត្តិការណ៍ ដែលជាសមាជិកនិយាយភាសាបារាំងនេះមក កម្ពុជាយើងឈ្នះមេដាយចំនួន ៤គ្រឿងហើយ ដោយលើកទី១ នៅប្រទេសកាណាដា ឆ្នាំ២០០១ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាប្រដាល់ ហើយនៅទីក្រុង Nice ប្រទេសបារាំង កាលពីឆ្នាំ២០១៣ ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង លើវិញ្ញាសាចំបាប់ និង ចម្លាក់ ។
លោកបញ្ជាក់ថា តាមកម្រិតនៃបច្ចេកទេសក្នុងព្រឹត្តិការណ៍នេះ គឺស្មើនិងកម្រិតអូឡាំពិក ព្រោះថាអត្តពលិកដែលឈ្នះមេដាយមាសពីការប្រកួតនេះ ពួកសិទ្ធតែមានសមត្ថភាពបច្ចេកទេសស្មើ នឹងការប្រកួតកីឡាអូឡាំពិកដែរ ជាពិសេសអត្តពលកម្ម។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ ប្រទេសដែលនិយាយភាសាបារាំនេះ ធ្វើឡើង ៤ឆ្នាំម្តង ហើយក្នុងឆ្នាំនេះមានចំនួន ៥០ប្រទេសចូលរួម ខណៈដែលកម្ពុជាបានបញ្ជួនកីឡាករ កីឡាការិនី និងសិល្បៈចំនួន ២១រូប ដោយក្នុងនោះ ប្រភេទកីឡាចំបាប់ ២រូប អត្តពលកម្ម ១រូប យូដូ ១រូប និងវាយកូនឃ្លីលើតុ ១រូប និងសិល្បៈ ក្រុមរបាំ ចម្លាក់ អ្នកថតរូប និងគំនួរផងដែរ៕