សហព័ន្ធកីឡាចំបាប់កម្ពុជាបានរៀបចំការប្រកួតសាកល្បង សមត្ថភាពកីឡាករកីឡាការិនី ជើងចាស់ និងកីឡាករ កីឡាការិនីយុវជនថ្នាល កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ដើម្បី សម្រាំង រកកីឡាករ កីឡាការិនីឆ្នើម ចំនួន៤នាក់ ក្នុងនោះមានកីឡាករ២នាក់ និងកីឡាការិនី ២នាក់មក ហ្វឹកហាត់បំប៉ន សមត្ថភាពបន្ថែមនៅប្រទេស កូរ៉េខាងត្បូង ត្រៀមប្រជែងដណ្តើម មេដាយ ពីព្រឹត្តិការណ៍កីឡាអាស៊ី នៅប្រទេសឥណ្ឌូណេស៊ី នាអំឡុងខែសីហា ខាងមុខនេះ។
លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជាបានឱ្យដឹងថា ការប្រកួតនេះ មិនទាន់សម្រេចថា ជ្រើសកីឡាករ ឬកីឡាការិនី រូបណានៅឡើយនោះទេ ពោលគឺរង់ចាំការ សម្រេចពីប្រធានសហព័ន្ធ និងគណៈកម្មការរបស់សហព័ន្ធតាមរយៈការមើលវីដេអូ ប្រកួត ទើបសម្រេចយកកីឡាករ កីឡាការិនីតាមក្រោយ។
លោកអគ្គលេខាធិការអះអាងថា កីឡាករ កីឡាការិនី៤នាក់ដែលសម្រេចឱ្យជាប់ពីប្រធាន សហព័ន្ធទៅចូលរួមប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីនោះ គឺកីឡាករ កីឡាការិនីទាំង៤ នាក់នោះ នឹងត្រូវបញ្ជូនទៅហ្វឹកហាត់បំប៉នបន្ថែម នៅក្លិបខ្លាំងៗប្រទេសកូរ៉េខាងត្បូង ប្រមាណជា២ខែ តាមរយៈការសម្រប់សម្រួលពីលោកគ្រូកូរ៉េប្រចាំសហព័ន្ធកីឡាចំបាប់កម្ពុជា ប៉ុន្តែសំបុត្រ យន្តហោះ និងការហូបចុកស្នាក់នៅជាបន្ទុករបស់សហព័ន្ធ។
កីឡាករ កីឡាការិនី៤នាក់ ដែលគ្រោងនឹងជ្រើសរើសឱ្យចូលរួមប្រកួត កីឡាអាស៊ី នៅ ប្រទេសឥណ្ឌូណេស៊ី នាខែសីហា ខាងមុខនេះ គឺមានកីឡាការិនី២នាក់ ត្រូវប្រកួតលើប្រភេទ ទម្ងន់៥៧គីឡូក្រាម និង៥០គីឡូក្រាម រីឯកីឡាករមានទម្ងន់៦៣ និង៨៦គីឡូក្រាម។
សូមបញ្ចាក់ថា ការប្រកួតសាកល្បងនេះ គឺមានកីឡាករ កីឡាការិនីជើងចាស់ និងកីឡាករ កីឡាការិនី ថ្នាលប្រកួតជាមួយគ្នា ហើយអ្នកដែលមានសមត្ថភាពនិងមានការសម្រេចពី គណៈកម្មការសហព័ន្ធ ដែលមាន សមាសភាពប្រធានសហព័ន្ធផងនោះនឹងទទួលបានឱកាស ចូលរួមប្រជែងដណ្តើមមេដាយក្នុងកីឡាអាស៊ី នៅប្រទេសឥណ្ឌូណេស៊ី៕