ក្រុមបាល់បោះបុរស សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានយកឈ្នះក្រុមសាកលវិទ្យាល័យ វេស្ទើន ដោយលទ្ធផលពិន្ទុ ៧១ ទល់ ៤៦ ខណៈក្រុមបាល់បោះ អាស៊ីអឺរ៉ុប ផ្នែកនារី ក៏បានយកឈ្នះក្រុមសាកលវិទ្យាល័យ ស្វាយរៀង ដោយលទ្ធផល ៤៦ទល់២៩ នៅក្នុងការប្រកួតថ្ងៃបើកឆាក កាលពីព្រឹកថ្ងៃអង្គារនេះ នៅវិមានកីឡដ្ឋានជាតិ នៃព្រឹត្តិការណ៍កីឡាក្របខ័ណ្ឌ សិស្ស-និស្សិតឧត្តមសិក្សា និងធម្យមសិក្សាបច្ចេកទេស ប្រចាំឆ្នាំសិក្សា ២០១៦-២០១៧ ដែលរៀប ចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។
ព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងធម្យមសិក្សាបច្ចេកទេសឆ្នាំ២០១៧នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ៦ប្រភេទកីឡា គឺអត្តពលកម្ម បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតុង និងវាយកូនឃ្លីលើតុ ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ តុលាខាងមុខ នៅពហុកីឡដ្ឋានជាតិ។
លោក ពៅ ហុក គ្រូកីឡាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានបញ្ជាក់ថា អាស៊ីអឺរ៉ុបបានបញ្ជូនអត្តពលិករបស់ខ្លួនចំនួន៤០នាក់ លើ៣ប្រភេទកីឡា គឺបាល់បោះបុរស-នារី អត្តពលកម្ម បុរស-នារី និងប៉េតង់។ ដោយឡែកសម្រាប់ប្រភេទកីឡាបាល់បោះ គឺមាន៤ក្រុម សម្រាប់ផ្នែកបុរស និង៤ក្រុមផ្នែកនារី ហើយនៅថ្ងៃប្រកួតដំបូងនេះ គឺអាស៊ីអឺរ៉ុបរកបាន៣ពិន្ទុដូចៗគ្នា ទាំងផ្នែកបុរស-នារី ហើយនៅសល់២ប្រកួតទៀត ក្នុងដៃ ប្រសិនបើបន្តការឈ្នះៗជាបន្តទៀតនោះ អាស៊ីអឺរ៉ុបនឹងឈានដល់មេដាយមាសហើយ។ លោកបញ្ជាក់ថា ការប្រកួតបាល់បោះនេះគឺប្រកួតសន្សំពិន្ទុវិលជុំ ហើយក្រុមណាដែលមានពិន្ទុខ្ពស់ជាងគេ គឺឈ្នះមេដាយមាសតែម្តង។ លោករំពឹងថា ព្រឹត្តិការណ៍កីឡាឧត្តមសិក្សាឆ្នាំនេះ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុបនឹងអាចឈ្នះមេដាយមាស ពី១២វិញ្ញាសា ដល់១៥វិញ្ញាសា ខណៈកាលពីបណ្តាឆ្នាំកន្លងទៅ ក្លឹបកីឡាមួយនេះក៏ដណ្តើមបានមេដាយមាសជាច្រើនច្រើនវិញ្ញាសាផងដែរ។
សូមបញ្ជាក់ថា ប្រភេទកីឡាបាល់បោះនេះ គឺ៤ក្រុមផ្នែកបុរស និង៤ក្រុមផ្នែកនារី មកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប, សាកលវិទ្យាល័យ វេស្ទើន, មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្តាល និងវិទ្យាស្ថាន CamEd។ ចំណែកឯនៅថ្ងៃបន្តបន្ទាប់ទៀត គណៈកម្មការបច្ចេកទេសនៃក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំឲ្យមានការប្រកួតលើប្រភេទកីឡាមួយចំនួនទៀតតាមការគ្រោងទុកជាបន្តទៀត៕