បន្ទាប់ពីបានវិលត្រឡប់មកពីចូលរួមកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី កាលពេលថ្មីៗនេះ ប្រភេទកីឡាកាយសម្ព័ន្ធកម្ពុជាមិនទទួលបានជោគជ័យឈ្នះមេដាយនោះទេ ប៉ុន្តែអគ្គលេខាធិការនៃសហព័ន្ធជំនាញមួយនេះបានអះអាងពីការកើនឡើងនូវកម្រិតបច្ចេកទេសកាន់តែល្អប្រសើរជាង កាលពីស៊ីហ្គេម លើកទី២៨ នៅសឹង្ហបុរី។

អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បានបញ្ជាក់ថា ប្រភេទកីឡាកាយសម្ព័ន្ធរបស់កម្ពុជាបានបញ្ជូនកីឡាករ សំ រីម មួយរូបគត់ ក្នុងស៊ីហ្គេម នៅម៉ាឡេស៊ី លើកនេះ ដោយលេង២វិញ្ញាសាគឺវិញ្ញាសា កម្រាល និងសេះលោត ហើយជាលទ្ធផល សំ រីម ទទួលបានចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោមកីឡាករចំនួន៣២ នាក់ មកពី៧ប្រទេស ក្នុងតំបន់ ដោយបណ្តាប្រទេសទាំងនេះដាក់កីឡាករឲ្យប្រកួតពី៥ ដល់៦នាក់ឯណោះ ប៉ុន្តែកម្ពុជាមានតែម្នាក់ប៉ុណ្ណោះ។ លោកអះអាងថា ទោះបីជាកីឡាករ សំ រីម របស់កម្ពុជាមិនឈ្នះមេដាយ ក៏ពិតមែន ប៉ុន្តែគេមានលទ្ធផលល្អគួរសម ពោលគឺបច្ចេកទេសរបស់ សំ រីម កើនឡើងបច្ចេកទេស បន្ទាប់ពីបន្តការបង្កើនការហ្វឹកហាត់នៅប្រទេសចិន ជាច្រើនខែ កន្លងទៅនោះ។

លោកបន្ថែមថា ជាមួយនឹងលទ្ធផលមិនល្អបែបនេះ លោកការជម្រាបជូនឯកឧត្តម ថោង ខុន ប្រធានសហព័ន្ធកាយសម្ព័ន្ធកម្ពុជា ហើយឯកឧត្តមបានឲ្យដាក់យុទ្ធសាស្រ្តជាថ្មី ដោយឲ្យអត្តពលិករបស់ខ្លួនឲ្យទៅបន្តការហ្វឹកហាត់ រយៈពេល៦ខែ មុន ស៊ីហ្គេម លើកក្រោយៗ។ លោកជឿជាក់ ប្រសិនបើកីឡាករ កីឡាការិនីកាយសម្ព័ន្ធកម្ពុជា ហ្វឹកហាត់នៅចិន ក្នុងរយៈពេល ៦ទៅ៨ខែ នោះ យើងនឹងទទួលបានបច្ចេកទេសពេញលេញតែម្តង។ ចំពោះកីឡាករ សំ រីម នឹងត្រូវបញ្ជូនទៅបន្តការហ្វឹកហាត់នៅចិនជាបន្តទៀត ដើម្បីត្រៀមខ្លួនចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍ អាស៊ីហ្គេម នាឆ្នំា២០១៨ ខាងមុខ។ លោកបន្តថា ប្រសិនបើកីឡាករអាចចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍អន្តរជាតិបានកាន់តែច្រើន នោះសិទ្ធផលរបស់កីឡាករកាន់តែមានបច្ចេកទេសកាន់តែល្អផងដែរ ហើយបើក្នុង១ឆ្នាំ មិនបានប្រកួត ឬបានប្រកួតតែ១លើក នោះយើងមិនអាចមានលទ្ធភាពថានឹងឈ្នះបាននោះទេ៕