រាជធានីភ្នំពេញត្រូវបានបញ្ជាក់ថានឹងទទួលសិទ្ធរៀបចំ វេទិកា សាមគ្គីកីឡាអូឡាំពិកអាស៊ីថ្នាក់តំបន់ (OCC Regional Forum) ដែលនឹងរៀបចំឡើងនាខែ ឧសភាខាងមុខ។ វេទិកាសម្រាប់គណៈកម្មាធិការជាតិអូឡាំពិកមកពីតំបន់អាស៊ីខាងលិច និង អាស៊ីកណ្ដាលនឹងរៀបចំនៅក្រុង Bishkek ប្រទេស កៀស៊ីស៊ីស្ថាន នាសប្ដាហ៍ក្រោយមុននឹងមករៀបចំនៅកម្ពុជា សម្រាប់ តំបន់អាស៊ីខាងត្បូង និង អាស៊ីខាងកើត រយៈពេលពីរថ្ងៃ ពោលទី ៦-៧ ឧសភា ខាងមុខ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ការត្រលប់មកនៃវេទិកាអូឡាំពិកនៅកម្ពុជាពិតជាមានតម្លៃណាស់ ក្នុងដំណើរឆ្ពោះទៅកាន់កីឡាស៊ីហ្គេមឆ្នាំ ២០២៣ ពេលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ព្រះរាជាណាចក្រកម្ពុជាធ្លាប់រៀបចំវេទិកាអូឡាំពិកនេះម្ដងរួចហើយកាលឆ្នាំ ២០១៣ នៅ ខេត្តសៀមរាប។ ឯកឧត្ដមអគ្គលេខាធិការគូសបញ្ជាក់ថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានទុកចិត្តពេលកម្ពុជាទទួលជាម្ចាស់ផ្ទះដោយផ្អែកថាកម្ពុជាមានសុខសន្តិភាព និង ស្ថានភាពស្ថិតស្ថេរ។ ឯកឧត្ដម កែ គីមយ៉ាន ឧបនាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួមក្នុងវេទិកាដ៏សំខាន់នេះ។
នៅក្នុងវេទិកានេះ បទបង្ហាញនឹងត្រូវបង្ហាញដោយ ផ្អែកទំនាក់ទំនងគណៈកម្មាធិការរបស់ គណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិ, គណៈកម្មាធិការរៀបចំកីឡាអាស៊ីនៃប្រទេសឥណ្ឌូណេស៊ី (INASGOC), ក្រុងតូក្យូ ២០២០ និង គម្រោងពិភាក្សាដេញដោលរបស់យុវជនអូឡាំពិក។ វេទិការយៈពេល ពីរថ្ងៃនេះ ក៏នឹងមានកិច្ចប្រជុំចុះឈ្មោះគណៈប្រតិភូជាមុនមួយរវាង INASGOC និង គណៈកម្មាធិការជាតិ មុនពេលព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៨ នៅក្រុង ហ្សាកាតារ និង ប៉ាឡែមបាង នាខែ សីហា ខាងមុខ។
លើសពីនេះទៅទៀតក្នុងកិច្ចប្រជុំ អ្នកចូលរួមទាំងអស់រំពឹងថានឹងទៅទស្សនកិច្ចពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកំពុងស្ថិតក្នុងការសាងសង់ នៅភាគខាងជើងរាជធានីភ្នំពេញ ដែលជាទីរៀបចំកីឡាស៊ីហ្គេម ឆ្នាំ ២០២៣៕