សហព័ន្ធខ្មែរកីឡាហែលទឹកបានរៀបចំព្រឹត្តិការណ៍កីឡាហែលទឹក ដណ្តើមជើងឯក ព្រឹទ្ធាចារ្យ ហែម ថុន លើកទី២ ដែលគ្រោងនឹងធ្វើរយៈពេល២ថ្ងៃ នាថ្ងៃទី១៦-១៧ មិថុនា ចុងសប្តាហ៍ក្រោយនេះ ដោយមាន កីឡាករ កីឡាការិនីចូលរួមជាង១០០នាក់ មកពីក្លឹបចំនួន ៧។
ថ្លែងក្នុងសន្និសីទសារពត៌មាន កាលពីព្រឹកមិញ, លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡា ហែលទឹកបានឲ្យដឹងថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ដោយវានឹងបាន ផ្ដល់ឱកាសយ៉ាងច្រើនដល់កីឡាករ-កីឡាការិនីហែលទឹកវ័យក្មេង និងកម្រិតជំនាញបានប្រកួតកាន់តែច្រើន ក្នុងគោលដៅអភិវឌ្ឍសមត្ថភាពឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។ អគ្គលេខាធិការរូបនេះបន្ថែមថា កាល ពីព្រឹត្តិការណ៍លើកទី១ ឆ្នាំ២០១៦ កន្លងទៅ មានអ្នកចូលរួមចំនួន ១០៥នាក់ ប៉ុន្តែសម្រាប់ឆ្នាំ២០១៧នេះ ចំនួន អ្នកចូលរួមបានកើនឡើងច្រើន ដោយសារមានកូនៗរបស់ជនជាតិជប៉ុន ដែលរៀននៅសាលាជប៉ុន នៅស្រុក ខ្មែរ ដោយសារឪពុកម្ដាយធ្វើការនៅស្រុកខ្មែរនោះក៏មកចូលរួមប្រកួតដែរ។ កូនៗរបស់ជនជាតិជប៉ុនទាំងនោះ ចូលរួមប្រកួតមែនតែសហព័ន្ធមិនចាប់ចំណាត់ថ្នាក់ឲ្យទេ គឺពួកគេចូលរួមប្រកួត ដើម្បីការសប្បាយរបស់គេតែ ប៉ុណ្ណោះ។ លោកបន្តថា ឆ្នាំនេះមានកូនខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក និងឡាវប្រកាសថានឹងចូលរួមដែរ ។ ព្រឹត្តិការណ៍នេះឧបត្ថម្ភធំដោយក្រុមហ៊ុនផលិតសម្ភារៈកីឡា Gonze Sport ដែលជាក្រុមហ៊ុនប្រទេសជប៉ុន។
លោក ហែម គីរី បានឲ្យដឹងទៀតថា ការប្រកួតត្រូវបានបែងចែកជា ៥កម្រិតគឺប្រភេទអាយុក្រោម១១ ឆ្នាំកុមារា-កុមារី, អាយុក្រោម១៤ឆ្នាំ កុមារា-កុមារី, អាយុក្រោម១៧ឆ្នាំ កុមារា-កុមារី ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ និងក្រុមជនពិការបុរស ដែលមានតែ២វិញ្ញាសាប៉ុណ្ណោះ គឺវិញ្ញាសាហែលរបៀបសេរី៥០ម៉ែត្រ និង ១០០ម៉ែត្រ សរុបមាន២៨វិញ្ញាសា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដណ្តើមជើងឯកព្រឹទ្ធាចារ្យ ហែម ថុន លើកទី២ នេះទទួលបានជំនួយឧបត្ថម្ភ ពី Gonze Sport នូវទឹកប្រាក់ចំនួន ៤០០០ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែថវិកានេះមិនទាន់គ្រប់គ្រាន់ទេ ដោយ ជឿជាក់ថា ឯក ឧត្តម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែកីឡាហែលទឹកនឹងជួយឧបត្ថម្ភបន្ថែម ដើម្បីជួយវិស័យ កីឡាហែលទឹកនេះឲ្យកាន់តែរីកចម្រើនផងដែរ៕