ក្រុមកីឡាករបាល់ទាត់ចំនួន៧នាក់នឹងត្រូវចេញដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់ពិភពលោកជនអនាថា The Homeless World Cup 2017 នាចុងសប្តាហ៍នេះ ដែលប្រទេសន័រវេស ធ្វើជាម្ចាស់ផ្ទះ។ នេះ បើតាមការប្រកាសឲ្យដឹងនៅក្នុងសន្និសីទសារពត៌មានមួយ កាលពីព្រឹកមិញ។
លោក ចៅ វិបុល អ្នកគ្រប់គ្រងក្លឹបបាល់ទាត់អង្គការរីករាយកម្ពុជា-អូស្ត្រាលី HFCA គូសបញ្ជាក់ថា The Homeless World Cup នេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីផ្តល់ថាមពលដល់ជនអនាថាទាំងឡាយ ក្នុងការផ្លាស់ប្តូរជីវិតរបស់ពួកគេផ្ទាល់។ ព្រឹត្តិការណ៍នេះធ្វើឡើងចាប់តាំងពីឆ្នាំ២០០៣ ដែលដំបូងឡើយមានត្រឹមតែ ១៨ក្រុមប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១៨នេះ ក្រុមចូលរួមបានកើនឡើងរហូតដល់៧២ក្រុម មកពី៤៨ប្រទេស។ លោកបន្ថែមថា ការប្រកួតពានរង្វាន់ពិភពលោកជនអនាថា ដំណើរការតាមរយៈបណ្តាញនៃដៃគូថ្នាក់ជាតិជាង៧០ប្រទេស ដើម្បីគាំទ្រដល់កម្មពិធីបាល់ទាត់តាមមូលដ្ឋាន និងការអភិឌ្ឍន៍សហគ្រាសសង្គម។
លោក Paraic Grogan ប្រធានអង្គការបាល់ទាត់រីករាយកម្ពុជាអូស្រ្តាលីបានមានប្រសាសន៍ថា នេះជាលើកទី១០ហើយដែលអង្គការរបស់លោកបានបញ្ជូនក្រុមបាល់ទាត់ជនអនារបស់ខ្លួនទៅក្នុងព្រឹត្តិការណ៍នេះ។ លោកសង្ឃឹមថា កីឡាករកម្ពុជានឹងខិតខំឲ្យអស់ពីលទ្ធផល ដើម្បីដណ្តើមបានលទ្ធផលល្អមួយ ពីលើឆាកអន្តរជាតិ មកជូនជាតិមាតុភូមិរបស់ខ្លួន។
លោក Thomas Hundt អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានសម្តែងនូវភាពរីករាយ ដែលក្រុម ហ៊ុនរបស់លោកបានជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់អង្គការមួយនេះ ក៏ដូចជាក្មេងៗអនាថានានា ហើយ Smart Axiata បានព្រៀមព្រៀងជួយក្នុងរយៈពេល៣ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់ឆ្នាំ២០២០ ខាងមុខ។
សូមបញ្ជាក់ថា The Homeless World Cup 2017 នឹងត្រូវដំណើរពីថ្ងៃទី២៩ សីហា រហូតដល់ថ្ងៃទី៥ កញ្ញា ឆ្នាំ២០១៧ នៅទីក្រុង អូស្លូ ប្រទេសន័រវេស៕