ការប្រកួតកីឡាជាតិលើកទី២ (2nd National Games) នឹងធ្វើពីថ្ងៃទី២៥ ឧសភា ដល់ថ្ងៃទី ៥ មិថុនាឆ្នាំ ២០១៨ នៅរាជធានីភ្នំពេញ ខេត្តកំពត កែប និង កំពង់ធំ ។ មកទល់ពេលនេះមាន១៥ រាជធានី-ខេត្ត និង ក្រសួង៣គឺមហាផ្ទៃ ការពារជាតិ និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ វត្ថុបានចុះបញ្ជីចូលរួមប្រកួតរួចរាល់អស់ហើយ។
កីឡាចំនួន២៧ប្រភេទដែលមានចំនួន២៧៨វិញ្ញាសានឹងត្រូវដាក់ឲ្យ ប្រកួតនាឆ្នាំនេះ ។ បើតាមការឲ្យដឹងពីលោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាបានឲ្យដឹងថាការប្រកួតកីឡា ជាតិលើកទីនេះរដ្ឋនឹងចំណាយលុយប្រមានជាង ៦០០០ លានរៀល។កាលពីប្រកួតកីឡាជាតិលើកទី១ឆ្នាំ២០១៦ ដែល មានតែ១៥ ប្រភេទកីឡានោះរដ្ឋបានចំណាយអស់ជិត ៤០០០ លានរៀល ។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡាក៏បានត្រៀមសារលិខិតសម្រាប់ការប្រកួតនេះ រួចហើយដែរដែលក្នុងសារលិខិតនោះបានបញ្ជាក់ថាការប្រកួតកីឡាជាតិលើកទី២នេះធ្វើឡើងក្រោមទឹសស្លោកកីឡា នាំមកនូវសន្តិភាព និង ការអភិវឌ្ឍ។ ឯកឧត្តម ថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏បានបញ្ជាក់នៅក្នុងសាររបស់លោកថាការប្រកួតកីឡាជាតិលើក ទី២នេះគឺជាការប្រកួតកម្រិតជំនាញខ្ពស់បំផុតរបស់ជាតិដើម្បីវាស់ស្ទង់ប្រៀបធៀបនិងផ្ទៀងផ្ទាត់គុណផលកីឡាជាតិ (National Performance)ជាមួយគុណផលកីឡាអន្តរជាតិ (International Performance)ដែលមានទាំងថ្នាក់ តំបន់ ថ្នាក់ទ្វីប និង ថ្នាក់ពិភពលោក។
ការប្រកួតកីឡាជាតិលើកទី២នេះមានមេដាយមាសចំនួន៥៨៤ គ្រឿង មេដាយប្រាក់ចំនួន៥៨៤គ្រឿង និង មេដាយសំរឹទ្ធចំនួន ៧០៣ គ្រឿង។មេដាយសំរឹទ្ធច្រើនជាងគេបែបនេះដោយសារតែប្រភេទកីឡាខ្លះតម្រូវឲ្យមានមេដាយ សំរឹទ្ធស្ទួន។ លោក ហ៊ុន សាមុត បានឲ្យដឹងទៀតថាសៀវភៅបទបញ្ញត្តិទូទៅ និង បទបញ្ជាបច្ចេកទេស (General Rules And Technical Regulation) ត្រូវបានរៀបចំពុម្ពរួចរាល់អស់ហើយដែរ៕