គណៈកម្មាធិការម៉ារ៉ាតុងកម្ពុជា នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាបានប្រគល់ ថវិកា ចំនួន១១៦.៤០០ដុល្លារជូនដល់អង្គការនានា និងមន្ទីរពេទ្យកុមារ កាលពីព្រឹកថ្ងៃអង្គារទី០៣ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ថវិកាទាំងនេះបានមកពីការរៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ លើកទី២២ កាលពីខែធ្នូ ឆ្នាំ២០១៧ ដោយជោគជ័យ។
ឯកឧត្តមអះអាងថា ការរៀបចំព្រឹត្តិ ការណ៍នេះ ដែលផ្ដោតសំខាន់លើការងារសប្បុរសធម៌ ដែលកន្លងមកមានកីឡាករមួយចំនួន ក្រោយទទួលបានជ័យលាភីបានរិះគន់ លើបញ្ហាប្រាក់រង្វាន់ ដែលមានចំនួនតិចតួច ដោយមិន យល់ច្បាស់ពីគោលបំណងរបស់ព្រឹត្តិការណ៍។
ឯកឧត្តមសង្ឃឹមថា ពួកគេនឹងពិចារណាឡើងវិញ ដើម្បីបន្ដចូលរួមគាំទ្រ និងលើកស្ទួយព្រឹត្តិការណ៍ កីឡាបែបទេសចរណ៍ និងសប្បុរសធម៌ នេះឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត។
លោក សែម ផល្លា នាយកចាត់ការទូទៅ នៃទិវារត់ប្រណាំងនៅកម្ពុជា បានឱ្យដឹងដែរថា ជារៀងរាល់ឆ្នាំ គណៈកម្មការតែងតែខិតខំស្វែងរកថវិកា កាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីគាំទ្រដល់វិស័យ សង្គមនានា តាមរយៈអង្គការជំនាញនៅក្នុងស្រុក ដែលកំពុងបំពេញ បេសកកម្មយ៉ាងសកម្មនៅកម្ពុជា។
សូមបញ្ជាក់ថា សម្រាប់ថវិកាសប្បុរសធម៌នេះមានចំនួនសរុប ១១៦.៤០០ដុល្លារសហរដ្ឋអាមេរិក ដោយបានបែងចែកជូនដល់អង្គការមនុស្សធម៌ និងមន្ទីរពេទ្យសរុបចំនួន១០ រួមមាន៖ អង្គការ Cambodia Trust, Cambodia Disable Artilleties Federation (CDAF), អង្គការ Handicap International Belgium, អង្គការ Heart of Gold Project ដែលមានអង្គការចំណុះ តូចៗចំនួន៤ រួមមានអង្គការ Support Disable Athletics, អង្គការ New Child Care Center, អង្គការ Physical Education Project និងអង្គការ Youth Development Project។
ចំណែក មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទទួលបានទឹកប្រាក់ចំនួន ៨២.០០០ដុល្លារ ដែលបាន ប្រគល់ជូនរួចរាល់ហើយ កាលពីពេលកន្លងទៅ ខណៈដែលកាកបាទក្រហមកម្ពុជា១ម៉ឺនដុល្លារ និងមន្ទីរពេទ្យគន្ទបុប្ជា ចំនួន ៥ពាន់ដុល្លារ នឹងត្រូវយកទៅប្រគល់ជូនដោយផ្ទាល់ នាពេល ខាងមុខ៕