នៅពេលនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះក្រុមកីឡាករដែលជាសមាជិកក្រុម Cambodia All Stars ចំនួន២៤នាក់មុនដំបូងដើម្បីត្រៀមហ្វឹកហាត់ជួបក្រុមក្រុមMuangthong United ដែលជាជើងឯកលីគកំពូលរបស់ថៃ នៅខែកក្កដា ខាងមុខ ដោយក្នុងនោះមានកីឡាករបរទេសតែ៥នាក់ប៉ុណ្ណោះ។
យោងតាមបញ្ជីឈ្មោះដែល FFC ប្រកាសឱ្យមហាជនដឹងនៅល្ងាចថ្ងៃអង្គារ ម្សិលមិញនេះមានដូចជាកីឡាករ Fujihara Kento (ណាហ្គាវើល) ឆុំ ភីហ្សា (ភ្នំពេញក្រោន) ណុប តុលា (ព្រះខ័នរាជស្វាយរៀង) Suzuki Yuta (ភ្នំពេញក្រោន) នេន សុធារ័ត្ន (ព្រះខ័នរាជស្វាយរៀង) សឿត បារាំង (ភ្នំពេញក្រោន) រស់ សំអឿន (បឹងកេត) សឿយ វិសាល (ព្រះខ័នរាជស្វាយរៀង) ទិត្យ ឌីណា (អគ្គស្នងការដ្ឋាននគរបាលជាតិ) ប្រាក់ មុន្នីឧត្តម (ព្រះខ័នរាជស្វាយរៀង) ច្រឹង ពលរដ្ឋ (ក្រសួងការពារជាតិ) ហួយ ផល្លីន (ព្រះខ័នរាជស្វាយរៀង) កែវ សុខង៉ន (ភ្នំពេញក្រោន) ម៉ៅ ពិសិដ្ឋ (ភ្នំពេញក្រោន) ស៊ិន កក្កដា (ភ្នំពេញក្រោន) ស៊ូ យ៉ាទី (បឹងកេត) កែវ សុខផេង (ភ្នំពេញក្រោន) ឃួន ឡាបូរ៉ាវី (បឹងកេត) នួន បូរី (អគ្គស្នងការដ្ឋាននគរបាលជាតិ) Booysen Shane (ភ្នំពេញក្រោន) ប្រាក់ ធីវ៉ា (ភ្នំពេញក្រោន) Ajayi Mbenga Samuel (បឹងកេត) អ៊ុំ សេរីរ័ត្ន (ក្រសួងការពារជាតិ) និង Yanagidate Kazu (អគ្គស្នងការដ្ឋាននគរបាលជាតិ)។
ការប្រកួតអន្តរជាតិលើកទី២ រវាងក្រុមទាំង២នេះធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ខណៈគោលដៅនៃការប្រកួតនេះគឺដើម្បីដកស្រង់បទពិសោធន៍ រវាងក្រុមទាំង២ក៏ដូចជារិតចំណងមិត្តភាពរវាងប្រទេសទាំង ជាពិសេសគឺដើម្បីប្រមូលថវិកាសម្រាប់សកម្មភាពពង្រឹងសមត្ថភាពកីឡាករបាល់ទាត់វ័យក្មេងកម្ពុជានៅទូទាំង ២៥រាជធានី-ខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះ។ ក្រុម Cambodia All Stars នឹងដឹកនាំដោយលោក Leonardo Luis Vitorino ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។
ក្រុម Cambodia All Stars គឺជាការប្រមូលផ្ដុំកីឡាករល្អៗនៅក្នុងលីគកំពូលកម្ពុជា ទាំងកីឡាករខ្មែរនិងបរទេស ខណៈក្រុមនេះធ្លាប់បានប្រកួតមិត្តភាព៤លើករួចមកហើយ។ លោក ប្រាក់ សុវណ្ណារ៉ា និង លោក ទេព ឡុងរចនា មានបទពិសោធន៍ដឹកនាំក្រុមមួយនេះ ព្រមទាំងមិនទាន់ជួបបរាជ័យទាល់តែសោះ។
សូមរំលឹកថាក្រុម Cambodia All Stars ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្កើតឡើងនៅចុងឆ្នាំ២០១៥ ដោយកាលនោះដឹកនាំដោយលោក ប្រាក់ សុវណ្ណារ៉ា (គ្រូបង្វឹករបស់ក្រុមបឹងកេតអង្គរបច្ចុប្បន្ន) ហើយក្រុមមួយនេះបានប្រកួតឈ្នះលើក្រុម SCG Muangthong United របស់ថៃ ដោយលទ្ធផល ៤ទល់៣ ក្នុងថ្ងៃទី១៦ខែមករា ឆ្នាំ២០១៦ លើទីលានពហុកីឡដ្ឋានជាតិ ហើយប្រកួតបន្ទាប់បានបន្តយកឈ្នះលើក្រុម Buriram United របស់ថៃ ដោយលទ្ធផល កាត់សេចក្ដី ៤ទល់៣ ក្រោយស្មើគ្នា ២ទល់២ នៅម៉ោង៩០នាទីពេញ ក្នុងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦។ នៅថ្ងៃទី១៨ ខែមីនា ក្រុមមួយនេះបន្តយកឈ្នះលើក្រុម Laos All Stars ដោយលទ្ធផល ៣ទល់២ និងចុងក្រោយប្រកួតស្មើគ្នាជាមួយក្រុមMorocco All-Stars របស់មកពីប្រទេសម៉ារ៉ុក ១ទល់១ នៅល្ងាចថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០១៦ លើទីលានកីឡដ្ឋាន RSN Stadium របស់ក្លិបភ្នំពេញក្រោន៕