បើយោងទៅតាមរបាយការណ៏មួយបានអោយដឹងថា អតីតកីឡាករឆ្នើមរបស់ជម្រើសជាតិអ៊ីតាលី Andrea Pirlo ត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹបទួរគី Super Lig គឺ Fatih Karagumruk ។
ជាការពិតណាស់អតីតគ្រូបង្វឹកក្រុមសេះបង្កង់ Juventus និងជាអតីតខ្សែបម្រើអ៊ីតាលីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយឆ្នាំ ។ Pirlo វ័យ 43 ឆ្នាំត្រូវបានក្លឹប Juventus បណ្តេញចេញពីតំណែងក្នុងខែឧសភា ឆ្នាំ 2021 ទោះបីជាឈ្នះពាន Italian Cup និង Super Cup ក៏ដោយ។
គាត់ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4 ក្នុងក្របខ័ណ្ឌ Serie A ដោយខកខានពានរង្វាន់នេះជាលើកដំបូងចាប់តាំងពីឆ្នាំ 2012 ។
គួបន្ថែមទៀតដែរថា Pirlo ធ្លាប់លេងឱ្យក្លឹប Inter Milan, AC Milan និង Juventus ហើយក៏បានបង្ហាញខ្លួនចំនួន 116 ប្រកួតឱ្យប្រទេសអ៊ីតាលី រួមទាំងការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកក្នុងឆ្នាំ 2006 ផងដែរ។
គួបញ្ជាក់ផងដែរថា Fatih Karagumruk បង្កើតឡើងក្នុងឆ្នាំ 1926 មិនដែលឈ្នះពានតួកគីឡើយដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 8 កាលពីរដូវកាលមុន ។
ប្រភព ៖ BBC