ខ្សែការពារ Giorgio Chiellini បានចូលរួមជាមួយក្លឹប Los Angeles FC របស់ MLS បន្ទាប់ពីការចាកចេញពីក្រុមសេះបង្កង់ Juventus ។

ជាការពិតណាស់ខ្សែការពារកណ្តាលវ័យ 37 ឆ្នាំរូបនេះបានចាកចេញពីក្រុម Serie A នៅចុងបញ្ចប់នៃរដូវកាលនេះបន្ទាប់ពីចំណាយអស់រយៈពេល 17 ឆ្នាំ។

Chiellini បានឈ្នះជើងឯក Serie A 9ដង ក៏ដូចជា Coppa Italia 5ដង បន្ទាប់ពីចូលរួមជាមួយក្លឹបដែលមានមូលដ្ថាននៅទីក្រុង Turin ក្នុងឆ្នាំ 2005 ។

ខ្សែការពារដែលបានលេង 117 ដងសម្រាប់ជម្រើសជាតិអាសូរីអ៊ីតាលីបានប្រកាសអំពីការផ្លាស់ប្តូររបស់គាត់នៅលើ Twitter ដោយពាក់មួកនិងអាវរបស់ Los Angeles FC ដែលមានចំណងជើងថា “ជំពូកបន្ទាប់” ។

Chiellini បាននិយាយតាមវិទ្យុអ៊ីតាលីថា គាត់ត្រូវការ “បទពិសោធន៍នៅកន្លែងផ្សេង ដើម្បីបញ្ចប់អាជីពជាកីឡាកររបស់ខ្ញុំបន្តិចម្តងៗ”។

ហើយគាត់មិនបាននិយាយថានៅពេលណាដែលគាត់នឹងបញ្ចប់ការលេងនោះទេ ប៉ុន្តែបាន “ត្រៀមខ្លួនរួចរាល់ហើយ”។

គួបញ្ជាក់ផងដែរថា Chiellini បានចូលនិវត្តន៍ពីជម្រើសជាតិកាលពីដើមខែនេះ ជាមួយនឹងការប្រកួតចុងក្រោយរបស់គាត់នៅ Wembley នៅពេលដែលម្ចាស់ជើងឯកទ្វិបអឺរ៉ុបអ៊ីតាលីចាញ់ ក្រោមស្នាដៃក្រុមជើងឯក Copa America អាហ្សង់ទីន ក្នុងកម្មវិធី Finalissima 2022 ។

ប្រភព ៖ BBC