ខ្សែ​ការពារ​ស្លាប​ស្ដាំ​ក្រុម​ភ្នំពេញ​ក្រោន​​អ៊ុក សុវណ្ណ​បាន​ចូល​លេង​២​ប្រកួត​ក្នុង ​Metfone Cambodian League រដូវកាល​២០១៨​​ដោយ​បាន​លេង​​ពេញ​ម៉ោង​​ហើយ​ជួយ​ក្រុម​ភ្នំពេញ​ក្រោន​ទទួល​បាន​លទ្ធផល​ឈ្នះ​ទាំង​ពីរ​ប្រកួត​។

ទទួល​បាន​ការ​ទុក​ចិត្ត​ពី​គ្រូ​បង្វឹក​ក្លឹប​លោក Sean Sainsbury​ការ​ចូល​លេង​ជម្រើស​ដំបូង​១១​នាក់ ​ហើយ​ពេញ​៩០​នាទី​នេះ​បាន​ធ្វើ​ឲ្យ​រូប​គេ​មាន​ឱកាស​ជាប់​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​កម្ពុជា​ឈុត​ធំ​ជា​លើក​ដំបូង​ ​ក្នុង​អាជីព​ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​ឡាវ ​និង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ក្នុង​ពាន​រង្វាន់​ AFC Asian Cup 2019 ជាមួយ​អាហ្វហ្គានីស្ថាន​។

ទោះ​យ៉ាង​នេះ​ក្ដី​! កីឡាករ​ចេញ​ពី​ថ្នាល​យុវជន​​របស់​ភ្នំពេញ​ក្រោន​រូប​នេះ​ មិន​រំពឹង​ថា​ជាប់​ជម្រើស​ដំបូង​១១​នាក់​ក្រោម​ការ​ជ្រើសរើស​របស់​លោក ប្រាក់​ សុវណ្ណារ៉ា​នោះ​ទេ​ តែ​រូប​គេ​មាន​មោទនភាព​ និង​រីករាយ​ដែល​អាជីព​បាល់​ទាត់​របស់​ខ្លួន​បាន​កែ​ប្រែ​ទៅ​មុខ​ហើយ។

ក្រោយ​ធ្វើ​ការ​ហ្វឹកហាត់​ចប់​ជាមួយ​មិត្ត​រួម​ក្រុម​​ត្រៀម​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​វិសាខា​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣​ ពាន​ Cambodian League អ៊ុក សុវណ្ណ​បាន​និយាយ​ថា​៖” រីករាយណាស់​បង​!ពិត​ជា​រីករាយ ​ដែល​ខ្ញុំ​មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​ឈុត​ធំ។ ​កាល​ពី​មុន​ខ្ញុំ​បាន​ត្រឹម​លេង​ក្នុង​ឈុត​យុវជន U15, U15, U17, និង​ U19 ប៉ុន្តែ​ពេល​នេះ​អាជីព​បាល់​ទាត់​របស់​ខ្ញុំ​បាន​កែ​ប្រែ​ទៅ​មុខ​ហើយ”។

“​ មិន​សង្ឃឹម​ច្រើន​ទេ​បង​ ពី​ព្រោះ​រាម​ច្បង​សុទ្ធ​តែ​ជា​កីឡាករ​មាន​បទ​ពិសោធ​​ហើយ​លេង​ល្អ​។ ទោះ​ពេល​នេះ​ខ្ញុំ​មិន​ជាប់​ជម្រើស​ដំបូង ​តែ​ការ​មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​លើក​នេះ​ពិត​ជា​មាន​មោទនភាព”។

“​មិន​យូរ​តែ​បង! ខ្ញុំ​នឹង​អាច​ប្រជែង​ដំណែង​នេះ​បាន​ ការ​ប្រឹង​ហ្វឹកហាត់ ការ​គោរពវិន័យ​ ថែរក្សា​សុខភាព​ និង​របប​អាហារ​ មិន​យូរ​ទេ​ខ្ញុំ​នឹង​បាន​លេង​”។

សូម​បញ្ជាក់​ផង​ដែរ​ថា​ អ៊ុក​ សុវណ្ណ​គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​របស់​ភ្នំពេញ​ក្រោន​ដែល​គ្រូ​បង្វឹក​ជម្រើស​ជាតិ​លោក​ប្រាក់ សុវណ្ណារ៉ា​​កោះ​ហៅ​ឲ្យ​ចូល​លេង​ជម្រើស​ជាតិ​មាន​ដូច​ជា៖​ខ្សែ​ការពារ​ស្លាប​ឆ្វេង សឿត បារាំង ខ្សែ​ការពារ​កណ្ដាល​ យ៉ើ សាហ្វី ខ្សែ​បម្រើ​កណ្ដាល​ អន ចាន់ប៉ូលីន និង​​ខ្សែ​ប្រយុទ្ធ​ស្លាប​ ស៊ិន កក្កដា​៕

រូបភាព៖ ភ្នំពេញក្រោន