លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នៅពេលនេះបានវិវត្តន៍ខ្លួនទៅដឹកនាំក្រុមជម្រើសជាតិយុវជនក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៥ឆ្នាំ (U-15) វិញ បានចាប់ផ្ដើមប្រមូលកូនក្រុមហើយ ដើម្បីហ្វឹកហាត់ត្រៀមចេញទៅប្រកួតបាល់ទាត់យុវជនប្រចាំទ្វីបអាស៊ី និងយុវជនតំបន់អាស៊ាន អាយុក្រោម១៥ ឆ្នាំ ក្នុងឆ្នាំ២០១៧ នេះ។
យ៉ាងណាក្តីបញ្ជីឈ្មោះកីឡាករដែលលោក Lee Tae Hoon កោះហៅមិនទាន់បានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចេញជាសាធារណៈនៅឡើយនោះទេ ប៉ុន្តែកីឡាករទាំងអស់ស្ថិតក្នុងបញ្ជីចុងក្រោយមានចំនួន៣២នាក់ ហើយអ្នកទាំងអស់សុទ្ធតែចំរាញ់មកពី២៥ខេត្តក្រុង ក្រោមការឃ្លាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង កាលពីពាក់កណ្ដាខែឧសភា កន្លងទៅ។ ការប្រមូលផ្ដុំនេះធ្វើឡើងមជ្ឍមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទី ក្នុងខេត្តតាកែវ។
តាមគម្រោងក្រុមជម្រើសជាតិឈុតយុវជននេះនឹងត្រូវចេញទៅហ្វឹកហាត់នៅក្រៅប្រទេសចំនួន២លើកគឺចាប់ពីថ្ងៃទី១០ ដល់១៩ ខែមិថុនា ទៅហ្វឹកហាត់នៅប្រទេសថៃ មុនការប្រកួតជម្រើសជើងឯកយុវជនតំបន់អាស៊ាន ប្រចាំឆ្នាំនៅប្រទេសថៃ ខណៈក្រុមនេះនឹងបន្តទៅហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២៣ ដល់៣០ខែសីហា ខាងមុខត្រៀមចូលរួមពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ី នៅប្រទេសម៉ុងហ្គោលី។
យោងតាមប្រភពពាក់ព័ន្ធមកពីថ្នាក់ដឹកនាំក្រុម U15 កម្ពុជា បានឱ្យដឹងថាលក្ខខណ្ឌដែលត្រូវបានជ្រើសរើស សុទ្ធតែកើតនៅ ឬក្រោយថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០០២ និងជាសមាជិកនៃសមាគម ឬក្លិបកីឡាបាល់ទាត់ ដែលខ្លួនកំពុងហ្វឹកហាត់ទូទាំងប្រទេស។ កន្លងមកក្រុម U15 កម្ពុជា ដឹកនាំដោយគ្រូបង្វឹករបស់សាលាបាល់ទាត់ជាតិ ប៉ុន្តែក្រោយមកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានតែងតាំងលោក Lee Tae Hoon សម្រាប់ដឹកនាំក្រុមយុវជននេះបន្ទាប់ពីលោកលាឈប់តំណែងពីក្រុមជម្រើសជាតិកម្ពុជា ក្រុមធំ។
សូមបញ្ជាក់ថាក្រុមU15 កម្ពុជា ត្រៀមចេញទៅពានរង្វាន់យុវជនអាយុក្រោម ១៥ ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF U-15 Championship 2017) ដែលធ្វើនៅប្រទេសថៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០១៧។ ចាប់ពីថ្ងៃទី២០ ខែ កញ្ញា រហូតដល់ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៧ នឹងត្រូវចូលរួមពានរង្វាន់យុវជនអាយុក្រោម ១៦ ឆ្នាំប្រចាំជើងឯកទ្វីបអាស៊ី (AFC U-16 Championship 2017) វគ្គជម្រុះដែលធ្វើនៅប្រទេសម៉ុងហ្គោលី៕