ក្រុមបាល់ទាត់ជម្រើសជាតិ U-22 ឆ្នាំកម្ពុជា បានចាញ់ ៣ប្រកួតផ្ទួនៗ ដោយការប្រកួតលើកទី៣ របស់ខ្លួន ចាញ់ ក្រុមជម្រើសរើសជាតិថៃ ដោយលទ្ធផល ០ទល់៣ នៅកីឡដ្ឋាន MP Selayang កាលពីយប់មិញ នៅក្នុងព្រឹត្តិការណ៍វគ្គជម្រុះពូល B ស៊ីហ្គេម លើកទី២៩ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
នៅវគ្គទី១ ក្រុមថៃធ្វើសម្រេចបាន១គ្រាប់ នៅនាទី ៣៥ ដោយកីឡាករ Picha U-Tra ហើយនៅនាទី៤៤ និង ៤៥ កីឡាករថៃ និងកម្ពុជា ទទួលបានកាតក្រហមម្នាក់មួយដូចគ្នា គឺកីឡាករ Chaiwat Buran របស់ថៃ និងកីឡាករ កម្ពុជា សុខ សំណាង។ នៅវគ្គទី២ កីឡាករថៃ Nattawut Sambatyotha ធ្វើសម្រេចបាន២គ្រាប់បន្ថែម នៅនាទី៧៧ និងនៅនាទី៨៨។ ជាមួយនឹងជ័យជម្នះនេះ ធ្វើឲ្យ៣ប្រកួតរបស់ថៃ មាន៧ពិន្ទុ ដោយឈ្នះ២ប្រកួត និងស្មើ១ប្រកួត ខណៈ៣ប្រកួតរបស់កម្ពុជា ចាញ់ទាំង៣ប្រកួត ហើយកម្ពុជាក៏ត្រូវធ្លាក់ចេញពីវគ្គជម្រុះសន្សំពិន្ទុវិលជុំក្នុងពូល B ដោយស្វ័យប្រវត្តិហើយ បើទោះបីជា កម្ពុជា នៅសល់២ប្រកួតទៀត ក្នុងដៃក៏ដោយ។
២ប្រកួតចាញ់របស់កម្ពុជា កន្លងទៅថ្មីៗនេះ គឺចាញ់ក្រុមជម្រើសជាតិ U-22 ហ្វីលីពីន ដោយលទ្ធផល ០ទល់២ និងចាញ់ក្រុមជម្រើសជាតិ U-22 វៀតណាម ដោយលទ្ធផល ១ទល់៤។ ការប្រកួតចាញ់ផ្ទួនៗ ចំនួន៣ប្រកួតនេះ ធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំពីគ្រូបង្វឹកជនជាតិប្រេស៊ីល លោក Leonardo អស់ឱកាសទាំងស្រុងហើយ សម្រាប់ស៊ីហ្គេម ឆ្នាំ២០១៧នេះ ប៉ុន្តែក្រុមកម្ពុជាមិនចំឡែកឡើយ សម្រាប់ការធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុងពូលបែបនេះ ជារៀងរាល់លើក ក្នុងព្រឹត្តិការណ៍បាល់ទាត់បុរស ស៊ីហ្គេម នានា នាពេលកន្លងមក ពោលគឺមិនធ្លាប់ឆ្លង ផុតពូលឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើយ។
ចំពោះ២ប្រកួតទៀត ដែលជាការប្រកួតបង្រ្គប់កិច្ចរបស់កម្ពុជានឹងត្រូវជួបប្រកួតជាមួយ U-22 ទីម័រខាងកើត នៅថ្ងៃទី២២ សីហា និងជួបជាមួយក្រុម U-22 ឥណ្ឌូណេស៊ី ចុងក្រោយគេ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ មុនពេលវិលត្រឡប់មកកាន់មាតុភូមិរបស់ខ្លួនវិញ៕