កីឡាករប្រដាល់គុនខ្មែរ ជើងខ្លាំង ៤រូប ត្រូវប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរសៀលថ្ងៃទី២៧ សីហានេះ រួមមានកីឡាករ ឃីម ឌីម៉ា, ម៉ឺន សុភា, វ៉ាន់ វឿន និង ឡៅ ចិត្រា នៅស៊ីហ្គេម លើកទី២៩ ទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ស៊ី ខណៈកីឡាករ មឿង សុខហ៊ុច បានធ្លាក់ចេញត្រឹមវគ្គ វគ្គជម្រុះ។
ប្រដាល់គុនខ្មែរទាំង៤នាក់នេះ ដែលបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលក្តោបក្តាប់មេដាយសំរិទ្ធដូចៗគ្នារួចហើយនោះ គឺកីឡាករ ឃីម ឌីម៉ា បានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម កាលពីជម្រុះក្នុងពូល ហើយត្រូវបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយកីឡាករហ្វីលីពីន Ryan Jakiri។ ចំណែកកីឡាករ ម៉ឺន សុភា បានយកឈ្នះកីឡាករ ឥណ្ឌូណេស៊ី ក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម កាលពីវគ្គជម្រុះចុងក្រោយ ហើយត្រូវបន្តការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី Muhamad Samri។
ចំពោះកីឡាករ វ៉ាន់ វឿន បានយកឈ្នះកីឡាករ សឹង្ហបុរី កាលពីវគ្គជម្រុះចុងក្រោយ ហើយត្រូវបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយម្ចាស់ផ្ទះ ម៉ាឡេស៊ីដែរ គឺកីឡាករ Mohd Alin ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម ខណៈកីឡាករ ឡៅ ចិត្រា បានយកឈ្នះកីឡាករ ឥណ្ឌូណេស៊ី ហើយបន្តសិទ្ធិនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយម្ចាស់ផ្ទះ ម៉ាឡេស៊ីដូចគ្នា គឺកីឡាករ Alin ក្នុងទម្ងន់ ៥៧គីឡូក្រាម។
សូមបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ៣នាក់នឹងត្រូវធ្វើការកាន់តែធ្ងន់ធ្ងរ សម្រាប់ជំនួបដ៏សំខាន់ៗជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ដើម្បីប្រជែងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ប្រសិនបើអ្នកប្រដាល់គុនខ្មែរ លើប្រភេទប្រដាល់ Muay ជាផ្លូវការ ក្នុងស៊ីហ្គេម ឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នេះ ពិតជាសង្ឃឹមខ្ពស់ក្នុងការឡើងទៅរកមេដាយមាស បន្ថែមទៀតជូនកម្ពុជា៕