ការប្រកួតបើកឆាកលីកកំពូលកម្ពុជា Metfone Cambodian League នឹងចាប់ផ្ដើមនៅថ្ងៃទី០៣ មីនាឆ្នាំ២០១៨ខាងមុខ ស្របពេលកីឡាករទាំងអស់ ស្ទើរតែមិនអាចរងចាំបានក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួនលើទីលាន។
អាណាចក្រកីឡាសូមបង្ហាញកីឡាករវ័យក្មេង៥រូបដ៏មានទេពកោសល្យដែលអាចបង្ហាញទម្រង់លេងសម្រាប់រដូវកាល២០១៨ខាងមុខនេះ៖
១ ស៊ិន កក្កដា (១៨ឆ្នាំ)
តួនាទី៖ បម្រើស្លាប ប្រយុទ្ធស្លាប
ក្លឹប៖ ភ្នំពេញក្រោន
រូបគេកើតចេញពីក្រុមយុវជនថ្នាលរបស់ក្រុមភ្នំពេញក្រោន ហើយក៏បានបង្ហាញទម្រង់លេងល្អកាលពីរដូវកាលមុនផងដែរ។ សម្រាប់រដូវកាលនេះរូបជាកីឡាករលេខរៀងទីមួយដែលអាចបង្ហាញទម្រង់លេងល្អ។ កក្កដាអាចលេងបានច្រើនដំណែង បម្រើកណ្ដាល បម្រើប្រយុទ្ធតំបន់ស្លាបទាំងពីរតែតួនាទីពីកំណើតលេងបានល្អបំផុតគឺប្រយុទ្ធស្លាប។
ជាមួយនឹងជំនាញញាក់បាល់ដោយជើងឆ្វេង រូបគេក៏ជាកីឡាករជំនាញបាល់ Set-Piece (បាល់ជ្រុង ហ្វ្រីឃីក)ពិសេសការទាត់បញ្ចូលទីក្នុងរយៈចម្ងាយឆ្ងាយគឺជាគុណសម្បត្តិរបស់កីឡាករវ័យ១៨ឆ្នាំរូបនេះ។ ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលកន្លងមករូបគេបង្ហាញខ្លួនពេញម៉ោង ជាកីឡាករនាំលេងដោយជួយភ្នំពេញក្រោនតាមស្មើណាហ្គាវើល៣-៣។
២- យឿ ម៉ូស្លីម (១៨ឆ្នាំ)
តួនាទី៖ ប្រយុទ្ធ
ក្លឹប៖ ភ្នំពេញក្រោន
ជាកីឡាករកើតចេញពីយុវជនថ្នាលរបស់ភ្នំពេញក្រោនមួយរូបទៀតដែលរំពឹងថាបង្ហាញទេពកោសល្យបានល្អសម្រាប់រដូវកាលថ្មី។រូបគេត្រូវបានក្លឹបដំឡើងឲ្យមកលេងក្នុងឈុតធំកាលពីរដូវកាលមុនប៉ុន្តែមិនសូវបានចូលលេងនោះទេ។
សម្រាប់រដូវកាលថ្មីនេះ ម៉ូស្លីមនឹងរំពឹងថាអាចបានចូលលេងពេញលេញក្រោយបង្ហាញទម្រង់លេងគួរចាប់អារម្មណ៍ក្នុងការប្រកួតមិត្តភាពជាមួយក្រុមអាស៊ីអឺរ៉ុបដោយរកបាន៣គ្រាប់ក្នុងជ័យជម្នះ៦ទល់៣កាលពីថ្ងៃសៅរ៍។ ក្នុងការចូលលេងប៉ុន្មានប្រកួតក្នុងមិត្តភាពមុនបើករដូវកាលនេះឲ្យភ្នំពេញក្រោនរូបគេរកបាន៤គ្រាប់ហើយ។
តើទម្រង់លេងរបស់គេអាចឲ្យលោក Sean Sainsbury ផ្ដល់ឱកាសលេងពេញលេញដែរឬទេ?
៣-ប្រាក់ ធីវ៉ា(១៩ឆ្នាំ)
តួនាទី៖ បម្រើប្រយុទ្ធ
ក្លឹប៖ភ្នំពេញក្រោន
តាមពិតទៅ ធីវ៉ាបានបង្ហាញទម្រង់លេងល្អតាំងពីររដូវកាលមុនមកម្ល៉េះដោយរកបាន៥គ្រាប់ក្នុងចំណោម១៦ប្រកួតឲ្យក្លឹបគ្រប់ពានរង្វាន់។ ដំណែងបម្រើប្រយុទ្ធ រូបនឹងក្លាយជាកីឡាករនាំលេងមួយរូបរបស់ភ្នំពេញក្រោន។ មានវ័យ១៩ឆ្នាំជាមួយសមត្ថភាពបញ្ចប់ទីដ៏ល្អនឹងក្លាយបន្ថែមភាពវៃឆ្លាតក្នុងទីលាន ការបម្លាស់ទីដ៏លឿនជាគុណសម្បត្តិរបស់កីឡាករមានដើមកំណើតក្នុងខេត្តកោះកុង។
យុវជនធ្លាប់ហ្វឹកហាត់នៅក្លឹប Trat F.C រូបនេះបានចូលលេងក្នុងជម្រើសជាតិU22បាន១០ប្រកួត និងនិងជម្រើសជាតិឈុតធំបាន៣ប្រកួតផងដែរ។
៤- ម៉ាត់ ណូរុន(១៩ឆ្នាំ)
តួនាទី៖ ប្រយុទ្ធ
ក្លឹប៖ អគ្គិសនីកម្ពុជា
ជាកីឡាករវ័យក្មេងម្នាក់ទៀតដែលរំពឹងថានឹងលេចធ្លោកាន់តែខ្លាំងក្នុងរដូវកាល២០១៨នេះ។ រូបគេប្រហែលជាមានឱកាសជាប់ជម្រើសដំបូងឲ្យក្លឹបបានច្រើន។រដូវកាលមុនរូបគេបានធ្វើឲ្យអ្នកគាំទ្របាល់ទាត់ជាតិភ្ញាក់ផ្អើលនឹងទម្រង់លេងពិសេស រូបគេត្រូវបានគ្រូបង្វឹកក្រសួងការពារជាតិលោក ទេព ឡុងរចនាថាជាកីឡាករចិត្តហ៊ានហើយអនាគតមិនចាញ់វឌ្ឍនាកានោះទេ។
ស្របពេលក្លឹបអគ្គិសនីកម្ពុជាមិនទាន់នាំចូលខ្សែប្រយុទ្ធបរទេស ណូរុននឹងមានឱកាសអភិវឌ្ឍន៍ខ្លួនបានកាន់តែខ្លាំង។
យោបល់ប្រិយមិត្តវិញ ក្រៅពីកីឡាករបួនរូបខាងលើ កីឡាករវ័យក្មេងណាខ្លះដែលរំពឹងថាអាចបង្ហាញទម្រង់លេងក្នុង Cambodian League 2018?