លោក Leonardo Luis គ្រូបង្វឹកជម្រើជាតិកីឡាបាល់ទាល់កម្ពុជា ថ្លែងក្នុងសន្និសីទកាសែតរួមគ្នា កាលពីព្រឹកមិញនៅសណ្ឋាគារភ្នំពេញ ថា ការប្រកួតជើង AFC U-23 Championship China 2018 ពិតជាមានសារៈសំខាន់ណាស់ដោយក្រុមកម្ពុជាបាន ប្រកួតជាក្រុមខ្លាំងនៅក្នុងតំបន់អាស៊ី មានដូចជា ក្រុម U-23ជប៉ុន, ក្រុម U-23ចិន ស្ថិតក្នុង ពូល J ។ លោកសង្ឃឹមថា កីឡាករអាយុក្រោម ២៣ឆ្នាំកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតវគ្គជម្រុះនេះ បើទោះបីពួកគេមិនមានឱកាសស៊ុតនៅតំបន់គ្រោះថ្នាក់ ក្រុមU-23ជប៉ុន និងក្រុមU-23ចិន ក៏ដោយ ប៉ុន្តែការប្រកួតមួយជាឪកាសល្អ និងបទពិសោធន៍បន្ថែមទៀត ដើម្បីឈានទៅរកការរីកចម្រើន ។
គ្រូបង្វឹកសញ្ជាតិប្រេស៊ីដែលទើបមកដឹកនាំក្រុមកម្ពុជាបាន ៤ខែ បន្ថែមទៀតថា ថ្វីត្បិតតែក្នុងពូល J នេះ កម្ពុជានឹងត្រូវជួបជាមួយក្រុមខ្លាំងដូចជា U23 ជប៉ុន, ចិន និងហ្វីលីពីន ប៉ុន្តែលោកជឿជាក់ថា ក្រុមយុវជនអាយុក្រោម២៣ឆ្នាំរបស់កម្ពុជានឹងឈ្នះ ព្រោះគោលបំណងរបបស់យើង ប្រកួតដើម្បីឈ្នះ ហើយប្រសិនបើប្រកួតមិនទទួលបានជ័យជម្នះនោះ គឺយើងត្រូវខិតខំបន្តទៀតដើម្បីរៀបចំ និងដាក់គោលដៅឲ្យក្រុមកម្ពុជាកាន់តែរឹងមាំ ដោយក្រៅពីព្រឹត្តិការណ៍អន្តរជាតិទាំងនេះ កម្ពុជាក៏មានគោលដៅចម្បងមួយទៀត គឺការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ ស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខនោះដែរ។
ដោយឡែកសម្រាប់ការប្រកួតជម្រុះក្នុងពូល J នេះ ប្រទេសចិន ដែលជាម្ចាស់ផ្ទះនោះ ជាបេក្ខភាពមួយមានសិទ្ធិរង់ចាំប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយតែម្តង ដោយនៅលេងនៅវគ្គជម្រុះជា មួយកម្ពុជានេះគឺគ្រាន់តែចង់បានបទពិសោធន៍ និងពង្រឹងគុណភាពកីឡាករឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតប៉ុណ្ណោះ។
សូមបញ្ជាក់ថា លក្ខខណ្ឌដែលអាចបានឡើងទៅលេងដំណាក់កាលផ្ដាច់ព្រ័ត្រ គឺ AFC កំណត់យក១៦ក្រុម ប៉ុន្តែវគ្គជម្រុះមានប្រទេសចូលរួមមានចំនួន ៤០ក្រុម ដោយត្រូវបានបែងចែកជា ១០ពូល ដោយក្នុងមួយពូលយកលេខ១ នៅតាមពូលនីមួយៗ និងលេខ២ល្អបំផុតចំនួន៦ក្រុមផ្សេងទៀតទៅបង្គ្រប់១៦ក្រុមចុងក្រោយ រួមទាំងក្រុមម្ចាស់ផ្ទះចិន៕