ប្រតិភូកីឡាប៊ូល និងប៉េតង់កម្ពុជាដណ្តើមបានមេដាយសំរឹទ្ធមួយចំនួនបានវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញហើយ កាលពីព្រឹកមិញ ថ្ងៃទី២៩ ខែសីហានេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយបញ្ចប់បេសកកម្មរបស់ខ្លួន ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ខណៈអត្តពលិកមួយចំនួនទៀតនឹងវិលត្រឡប់មកដល់ នាល្ងាចថ្ងៃអង្គារ៍នេះដែរ។

ប្រភេទកីឡាប៊ូល និងប៉េតង់កម្ពុជាបានបញ្ចប់ការប្រកួតទាំងស្រុងហើយជាមួយនឹងការដណ្តើមបានមេដាយ មាស១វិញ្ញាសា លើវិញ្ញាសាប្រកួតវាយគូនារី ដោយម្ចាស់មេដាយមាសពិភពលោកពីរសម័យកាល កីឡាការិនី កែ ឡេង និងម្ចាស់មេដាយមាសពិភពលោកមួយសម័យការ កីឡាការិនី អ៊ុក ស្រីមុំ។ មេដាយប្រាក់១ លើវិញ្ញាសាវាយគូបរសនារី ដែលដណ្តើមបានដោយកីឡាករ សៅ វណ្ណារ៉ាន់ និងកីឡាការិនី ឌួង លីដា។ ចំណែកឯមេដាយសំរិទ្ធ៣ វិញ្ញាសានោះ គឺរកបានដោយម្ចាស់មេដាយមាសពិភពលោកដែរ កីឡាករ សុខ ចាន់មាន, កីឡាការិនី អ៊ុ ស្រីយ៉ា និងវិញ្ញាសាបុរស ៣នាក់ទល់៣នាក់។

លោក អិន គឹមស្រ៊ុន អគ្គលេខាធិការ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ទទួលបន្ទុកប្រតិភូដឹកនាំនោះ បញ្ជាក់ថា លទ្ធផល ដែលប៊ូល និងប៉េតង់កម្ពុជាឈ្នះមេដាយមាស១ ប្រាក់១ និងសំរិទ្ធ៣នោះ គឺជាលទ្ធផលល្អមួយ ប៉ុន្តែវានៅតែមិនទាន់ឆ្លើយតបទៅនឹងការដាក់ចេញនូវគោលដៅ ដែលយើងចង់បាននៅឡើយ ព្រោះយើងចង់ឈ្នះ យ៉ាងហោចណាស់ ក៏មេដាយមាស២ វិញ្ញាសាដែរ ប៉ុន្តែយើងធ្វើមិនសូវបានល្អឡើយ ដោយសារនៅទីលានប្រទេសម៉ាឡេស៊ី ពិបាកចូលឲ្យបានដល់គោលដៅ ខណៈម្ចាស់ផ្ទះម៉ាឡេស៊ី បានឈ្នះមេដាយមាស២វិញ្ញាសា ដោយអត្តពលិកម្ចាស់ផ្ទះពួកគេហ្វឹកហាត់ និងស្គាល់ទីលានរបស់ខ្លួនបានយ៉ាងច្បាស់លាស់រួចហើយ។ អគ្គលេខាធិការរូបនេះបន្ថែមថា ជាមួយនឹងលទ្ធផល និងបទពិសោធន៍ពីស៊ីហ្គេម លើកនេះ លោកនឹងស្នើឲ្យការរៀបចំទីលានថ្មីមួយ តាមស្តង់ដារពិភពលោក ដោយចាក់កៅស៊ូ និងក្រាលថ្មតូចៗពីលើ ហើយនឹងរៀបចំថ្នាលយុវជនឲ្យហ្វឹកហាត់លើទីលានថ្មីនេះ ដើម្បីមានឱកាសកាន់តែប្រសើរសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនានា នាពេលខាងមុខ៕