ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់សកល និងគុនខ្មែរបានជួបជុំសំណេះសំណាល និងលើកទឹកចិត្តដល់អត្តពលិករបស់ ខ្លួន មុនពេលដែលត្រូវចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងគូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ឆ្នាំ២០១៧ ដែលនឹងត្រូវដំណើរការពីថ្ងទី១៩ ដល់ថ្ងៃទី៣១ សីហា ខាងមុខនេះ។
ឯកឧត្ដម ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភាមានប្រសាសន៍ថា កីឡាករកម្ពុជា ដែលនឹងត្រូវទៅចូលរួមប្រកួតនៅស៊ីហ្គេម ត្រូវខំប្រឹង ដើម្បីទទួលបានជ័យជម្នះយកមេដាយជូនជាតិ។ ឯកឧត្ដមបន្តថា កីឡាករទាំងអស់ត្រូវចេះតែថែទាំសុខភាពឲ្យបានល្អ ដើម្បីឲ្យមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួត ឆាប់ៗខាងមុខនេះ។ ចំពោះរឿងដែលគួរយកចិត្តទុកដាក់មួយទៀតនោះ គឺមិនត្រូវប៉ះពាល់ជាដាច់ខាតការប្រើប្រាស់សារធាតុហាមឃាត់ផ្សេងៗ ក្នុងកីឡា ព្រោះបើគេពិនិត្យឃើញនោះវានឹងមានបញ្ហាដល់កីឡាករខ្លួនឯងផង និងមុខមាត់ប្រទេសជាតិផង។ សម្រាប់ស៊ីហ្គេម កីឡាករ កីឡាការិនី ដែលឈ្នះបានមេដាយនោះនឹងទទួលបានប្រាក់រង្វាន់ច្រើនផងដែរ នេះក៏អាចជាឱកាសល្អដែលបានប្រាក់ចំណូលបន្ថែមសម្រាប់ខ្លួនឯងទៀតផង។
ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ អះអាងថា កីឡាកររបស់លោកទាំង៥ប្រភេទទម្ងន់ត្រៀមខ្លួនបានល្អណាស់ ព្រោះ៤៥ថ្ងៃមុនទៅប្រកួត, សហព័ន្ធបានរៀបចំការបំប៉នសុខភាពដល់ពួកគេបន្ថែម និងការហ្វឹកហាត់បានល្អ។ ជាមួយគ្នានេះក្រៅពីប្រាក់ឧបត្ថម្ភចំនួន ៥០០ដុល្លាររបស់សម្ដេចតេជោ សហព័ន្ធបានស្វែងរកជំនួយឧបត្ថម្ភពីផ្នែកឯកជនបានមួយចំនួនទៀតផ្ដល់ជូនដល់ពួកគេ។
កីឡាករ ប្រដាល់គុនខ្មែរទាំង ៥នាក់ ដែលត្រូវចេញទៅប្រកួតកីឡាស៊ីហ្គេម មាន៖ ម៉ឺន សុភា, មឿន សុខហ៊ុច, ឃុន ឌីម៉ា, ឡៅ ចិត្រា និង វ៉ាន់ វឿន។ ចំណែកកីឡាប្រដាល់សកលចំនួន ៥ប្រភេទទម្ងន់នោះ រួមមាន៖ សាន តុលា, ណាត សៀកនិន, ហង្ស រ៉ាម៉ន, ផល សោភ័ណ្ឌ និង ហ្វីលីព មីលីនម៉ារទីន។
សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ប្រដាល់សាកលនឹងត្រូវចេញដំណើរទៅចូលរួមប្រកួត នាថ្ងៃទី១៨ ខែសីហា ស្អែកនេះ ខណៈប្រដាល់គុនខ្មែរនឹងត្រូវចេញដំណើរ នាថ្ងៃទី២៥ ខែសីហា ក្នុងពេលដែលប្រដាល់សាកលត្រឡប់មកមាតុភូមិរបស់ខ្លួនវិញ៕