ក្រុមជម្រេីសជាតិកីឡាបាល់ទាត់ U-16 កម្ពុជា ដែលដឹកនាំដោយលោក Lee Tae Hoon បានចេញទៅបោះជំរុំហ្វឹកហាត់នៅប្រទេសថៃរយៈពេល ១សប្តាហ៍ កាលពីព្រឹកមិញនេះ មុនចេញទៅចូលរួមការប្រកួត  AFC U-16 Championship 2018 វគ្គជម្រុះ នៅប្រទេសម៉ុងហ្គោលី ដោយកម្ពុជាស្ថិតនៅក្នុងពូល I មានវៀតណាម អូស្ត្រាលី និងម្ចាស់ផ្ទះ ម៉ុងហ្គោលី ។

មុនចេញដំណើរទៅប្រទេសថៃ លោក Lee Tae hoon គ្រូបង្វឹកជម្រើសជាតិកីឡាបាល់ទាត់ U-16 កម្ពុជា បានឲ្យដឹងថា សម្រាប់ការប្រកួតក្នុងវគ្គជម្រុះ ACF U-16 Championship 2018 ក្នុងពូល I នៅប្រទេសម៉ុហ្គោលីនេះ ពិតជាមានសារសំខាន់សម្រាប់ឲ្យក្រុមកម្ពុជា អភិវឌ្ឍខ្លួនឲ្យបានកាន់តែប្រសើឡើង ដោយកម្ពុជាប៉ះសុទ្ធតែក្រុមខ្លាំងៗ ដូចជាក្រុមវៀតណាម និងអូស្ត្រាលី និងជាឱកាសមួយដើម្បីអភិវឌ្ឍកម្រិតបច្ចេកទេសលេង និងខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីឈានទៅរកការរីកចម្រើនក្នុងវិស័យបាល់ទាត់កម្ពុជា នាពេលអនាគត ។  គ្រូបង្វឹកសញ្ញាតិកូរ៉េរូបនេះបន្ថែមថា ក្នុងប្រកួតពានរង្វាន់នេះដែរកម្ពុជាធ្លាប់បានប៉ះជាក្រុមវៀតណាមម្តងហើយនៅប្រទេសថៃ ហើយកីឡាករកម្ពុជាពួកគេពិតជាធ្វើបានល្អណាស់ ក្នុងការលេង និងមានទំនុកចិត្តក្នុងពេលប្រកួតផងដែរ។ លោកសង្ឃឹមថា ចំពោះការប្រកួតនៅពេលខាងមុខនេះ កីឡាករកម្ពុជាយើង មានទំនុកចិត្តលេង បើទោះបីជាទទួលបានលទ្ធផលយ៉ាងក៏ដោយ ព្យាយាមលេងឲ្យអស់ពីសមត្ថភាពដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFC U-16 Championship 2018 នៅវគ្គជម្រុះប្រទេសម៉ុងហ្គោលី នឹងចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកញ្ញា នេះ ស្ថិតក្នុងពូល I មានក្រុមវៀតណាម អូស្ត្រាលី និងម្ចាស់ផ្ទះម៉ូងហ្គោលី ហើយជំនួបដំបូងរបស់កម្ពុជា ត្រូវប៉ះជាមួយក្រុមវៀតណាម នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខផងដែរ៕