ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ឬកីឡាជនខ្សោយបញ្ញា ប្រចាំឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិបានបញ្ចប់ជាស្ថាពរហើយ កាលពីម្សិលមិញ បន្ទាប់គណៈកម្មការបច្ចេកទេសរកឃើញម្ចាស់ជ័យលាភីលើគ្រប់វិញ្ញា សារួចរាល់ហើយនោះ។
ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាទា និងជាអនុប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា មានប្រសាសន៍ថា ការរៀបចំឲ្យមានព្រឹត្តិការណ៍កីឡានេះឡើង គឺដើម្បីយកចិត្តទុកដាក់ឲ្យកីឡាករ កីឡាការិនីជាជនពិការខ្សោយបញ្ញា បានចូលរួមលេងកីឡាដើម្បីសុខភាព មិត្ត ភាព និងសាមគ្គីភាព ជាពិសេសសម្រាប់ស្វែងរកអត្តពលិកខ្លាំងៗសម្រាប់ទៅចូលរួមលើឆាកអន្តរជាតិ ហើយសកម្ម ភាពនេះបានបញ្ជាក់ពីការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម ជាពិសេសការលើកកម្ពស់សុខុមាលភាពជនពិការ ដើម្បីឲ្យជនពិការរស់នៅដោយថ្លៃថ្នូរ និងគ្មានការរើសអើង។
ឯកឧត្តមស្នើរសុំឲ្យអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានី-ខេត្ត ក៏ដូចជាអង្គការ សមាគមនានា ដែលគ្រប់គ្រងផ្ទាល់ដល់ជនពិការខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឲ្យពួកគាត់បានហ្វឹកហាត់ និងចូលរួមការប្រកួតនានាឲ្យបានកាន់តែច្រើនបន្ថែមទៀត។ គណៈកម្មការរៀបចំនឹងជ្រើសរើសកីឡាករឆ្នើមៗ ៨នាក់ មានអាយុ ១៦ឆ្នាំដល់ ២១ ឆ្នាំ ចេញពីការប្រកួតនេះ ដើម្បីបន្តការហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតកីឡាបាល់ទាត់ស្ប៉េស្យាល់អូឡាំពិកថ្នាក់តំបន់មេគង្គ នៅមីយ៉ាន់ម៉ា ក្នុងខែវិច្ឆិកាខាងមុខ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានអត្តពលិកខ្សោយបញ្ញាចំនួន ១៦៩ នាក់ ក្នុងនោះស្រី ៥៤នាក់ មកពីអនុគណៈកម្មាធិការ ស្ប៉េស្យាល់ អូឡាំពិកខេត្តចំនួន ៥ មានខេត្តបាត់ដំបង កំពង់ធំ ស្វាយរៀង តាកែវ និងខេត្តព្រៃវែង ព្រមទាំងអង្គការ FSN, PSE, CCAMH, KPF និងអង្គការ PACHID ហើយពួកគេប្រកួតកីឡាអត្តពលកម្ម បាល់ទាត់ និងកីឡាប៊ូល៕