ម្ចាស់មេដាយមាសកីឡាប៉េតង់កម្ពុជា កីឡការិនី កែ ឡេង និងអ៊ុក ស្រមុំ ជាមួយកីឡាការិនី ដួង ឌីណា ឈ្នះមេដាប្រាក់ ជាមួយកីឡាករសុខ ចាន់មាន ដណ្តើមបានមេដាយសរំទ្ធ បានមកដល់មាតុភូមកម្ពុជាវិញហើយ កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ម្សិលមិញ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីបញ្ចប់បេសកកម្មរបស់ខ្លួន នៅស៊ីហ្គេម លើកទី២៩ ប្រទេសម៉ាឡេស៊ី។
ជាមួយដំណើរវិលមកកាន់មាតុភូមិវិញនេះដែរ កីឡាការិនីមេដាយមាសស៊ីហ្គេមឆ្នាំនេះ អ្នកស្រី កែ ឡេង បានឲ្យដឹងថា ការប្រកួតជាមួយកីឡាការិនីថៃ នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមបានមេដាយមាសនេះ គឺមានភាពតានទឹងមែនទែន ប៉ុន្តែដោយសារតែអ្នកស្រី និងកីឡាការិនីអ៊ុក ស្រីមុំ បានតាំងចិត្តថា នឹងយកជ័យជម្នះពីការកីឡាការិនីថៃឲ្យបាន ព្រោះពួកយើងធ្លាប់ប៉ះគ្នាជាច្រើនលើកកន្លងមកហើយ បើទោះជាលទ្ធផលក្នុងពេលប្រកួតចាញ់ពិន្ទុថៃ ក៏ពិតមែន ប៉ុន្តែពួកយើងនៅតែតាំងចិត្តខិតខំធ្វើឲ្យអស់ពីសមត្តភាព ខណៈពេលនោះយើងពិនជាអាចយកឈ្នះ ហើយដណ្តើមមេដាយមាស ១គ្រឿង មកជួនប្រទេសជាតិបានពិតមែន។ អ្នកស្រី បន្ថែមទៀងថា សម្រាប់ប្រកួតស៊ីហ្គេមឆ្នាំនេះ មានឧបស័គ្គច្រើន ដោយសារតែទីលាននោះ គឺពិបាកចូល និងវាយ ប្រសិនបើវាយមិនត្រូវគ្រាប់ប៊ូលទេវានឹងលោតតែម្តង ព្រោះខាងក្រោយទីលានចាក់សុទ្ធបេតុង ខណៈដែលទីលានបែបនេះកម្ពុជាមិនដែលធ្លាប់លេង ឬហាត់សោះ ។ ម្ទាស់មេដាយមាសស៊ីហ្គេមរូបនេះបន្ថែមថា “ខ្ញុំ និងកីឡាការិនអ៊ុក ស្រីមុំ ធ្លាប់ឆ្លងកាត់ និងបទសោធន៍ពីការប្រកួតច្រើន ដូច្នេះនៅពេលដែលពួកខ្ញុំទៅដល់ទីលាននោះភ្លាម ក៏បានខិតខំសិក្សាពីវា រិះរកវិធី ដើម្បីឲ្យសម្រប់នឹងទីលានហ្នឹងមុន ទើបអាចឈ្នះមេដាយមាសពីកីឡាការិនីថៃនៅស៊ីហ្គេម”។
ទន្ទឹមនឹងគ្នានេះដែរ កីឡារ សុខ ចាន់មាន ដែលទើបដណ្តើមបានមេដាយសំរឹទ្ធ នៅស៊ីហ្គេមឆ្នាំដែរនេះ ក៏បានលើកឡើងនូវឧបស័គ្គស្រដៀងនឹងអ្នកស្រី កែ ឡេង បានលើកឡើងថា សម្រាប់វិញ្ញាសាប៉េតង់ គឺរាល់ការចាញ់ទៅប្រកួតនៅក្រៅប្រទេស តែងតែជួបបញ្ហាទីលាន ព្រោះថាទីលានដែលកម្ពុជាហ្វឹកហាត់មិនដូចគ្នាទេ ហើយទីលានគឺអាស្រ័យលើម្ចាស់ផ្ទះអ្នករៀបចំផងដែរ។
សូមបញ្ជាក់ថា អត្តពិលកីឡាប៊ូល និងប៉េតង់កម្ពុជា ដណ្តើមបានមេដាយសរុបចំ ៦គ្រឿង ក្នុងនោះមេដាយមាសដណ្តើមបានដោយកីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ លើវិញ្ញាសាវាយគូនារី, មេដាយប្រាក់ដណ្តើមបានដោយកីឡាករ សៅ សុភារ៉ាន់ និងកីឡាការិនី ដួង ឌីណា លើវិញ្ញាវាយគូបរុសនារី, មេដាយសំរឹទ្ធដណ្តើមបានយដោយកីឡាករ សុខ ចាន់មាន និងកីឡាការិនី អ៊ុក ស្រីយ៉ា លើវិញ្ញាសាវាយឯកត្តជន បរុស នារី និងមេដាយសំរឹទ្ធចុងក្រោយលើវិញ្ញាសាបុរស ៣ទល់នឹង៣៕