ខេមរៈសហព័ន្ធតេក្វាន់ដូកម្ពុជា  បានបញ្ជូនកីឡាករ ២រូប និងកីឡាការិនី ៣រូប ទៅចូលរួមប្រកួតជើងឯកពិភពលោក នៅទីក្រុង Muju សាធារណៈរដ្ឋកូរ៉េ ដែលព្រឹតិ្តការណ៍នេះមានឈ្មោះថា ២០១៧ Muju Championships World Taekwando និងចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា ខាងមុខ ។

ចំពោះចេញដំណើរប្រកួតជើងពិភលោកនៅប្រទេសកូរ៉េនេះ ធានាគារ Phnom Penh Commercial Bank បានឧបត្ថមថវិការចំនួន ១ម៉ឺន៣ពាន់ដុល្លារ ដល់លោក ហង់ ជួនណារ៉ុន ប្រធានខេមរៈសហព័ន្ធតេក្វាន់ដូកម្ពុជា ​WTF កាលពីម្សិលមិញ នៅក្រសួងអប់រំ​ យុវជន និងកីឡា សម្រាប់ប្រើប្រាស់ក្នុងចេញទៅប្រកួតផងដែរ។

លោក Choi Yong Sok គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូកម្ពុជា WTF បានឲ្យដឹងថា កីឡាករ, កីឡាការិនី ទាំង ៥រូបចេញទៅប្រកួតនាពេលនេះ មានកីឡារិនី ស៊ន សៀវម៉ី ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៧៣គីឡូក្រាម, កីឡាការិនី Cassandra Nicole Tubbs មកពីសហរដ្ឋអាមេរិកប្រកួតក្នុង​ប្រភេទទម្ងន់ក្រោម ៥៧គីឡូក្រាម, កីឡារិនី អ៊ុន វិនសុចិរង្សី ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៥៣គីឡូក្រាម,កីឡាករ ឈុន សុខឡុង ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៦៣គីឡូក្រាម​ និងកីឡករ វ៉ាន់ រិទ្ធី ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៧៤គីឡូក្រាម។ លោកបន្តទៀតថា ការប្រកួតជើងឯកពិភពលោកនេះ មានអត្តពលិកចំនួន១,៦៩៨នាក់ ប្រទេសចូលរួមចំនួន ១៨១ប្រទេស លើពិ ភពលោក។

លោក ហង់ ជួនណារ៉ុន ប្រធានខេមរៈសហព័ន្ធតេក្វាន់ដូកម្ពុជា  WTF មានប្រសាសន៍ថា ការប្រកួតជើងឯកពិភពលោកនេះ ពិតជាមានសារៈសំខាន់ាណាស់ និងជាឪកាសល្អសម្រាប់កីឡាករ​, កីឡាការិនី បង្ហាញសមត្ថភាព បច្ចេកទេស និងបំពេញនៅចន្លោះខ្វះខាតរបស់ពួកគេ ទទួលបទពិសោធន៍ថ្មី ៗ លើទីលានប្រកួត ខណៈដែលពួកគេ ៥រូបនេះ ជាបេក្ខភាពរបស់សហព័ន្ធជ្រើសរើសសម្រាប់ចូលរួមព្រឹតិ្តការកីឡាស៊ីហ្គេម លើកទី ២៩ ប្រទេសម៉ាឡេស៊ី  នៅខែមិថុនា ខាងមុខផងដែរ។