ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រមូល​ផ្ដុំ​គ្នា​ជា​លើក​ដំបូង​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​២៨​ខែ​សីហា ម្សិលមិញ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​កីឡាករ​ចំនួន​២៣​នាក់​ ក្រោមការ​ដឹកនាំ​ដោយ​​លោក​គ្រូ​បង្វឹក Leornado Vitorino ត្រៀម​ទទួល​ក្រុម​ជម្រើស​ជាតិ​វៀតណាម ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup UAE 2019 នៅ​ដើម​ខែ​ក្រោយ​នេះ។

សហព័ន្ធ​កីឡា​បាល់ទាត់​​កម្ពុជា បាន​ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ចំនួន២៣នាក់​មុន​ប្រមូល​ផ្ដុំ​មាន កែវ សុខផេង, អ៊ិន សុដាវីដ, ប្រាក់ ធីវ៉ា, សឿត បារាំង, ឆុំ ភីសា, ជួន ចាន់ចាវ, កែវ សុខសិលា, ប្រាក់ មុន្នីឧត្តម, នុប តុលា, សឿយ វិសាល, នេន សុធារ័ត្ន, ឃួន ឡាបូរ៉ាវី, រស់ សំអឿន, ស៊ូ យ៉ាទី, ស ពិសិដ្ឋ, អ៊ុំ សេរីរ័ត្ន, ឈិន ឈឿន, សុះ ស៊ូហាណា, ស៊ន ចាន់ប៉ូលីន, ទិត្យ ឌីណា, ពេជ្រ សុវណ្ណខេមរិន្ទ្រ, ប៊ីន ចន្ថាជារី និង ចាន់ វឌ្ឍនាកា។

សូម​បញ្ជាក់​ថា​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​​បើក​ទ្វា​ពហុ​កីឡដ្ឋាន​ជាតិ ទទួល​ក្រុម​ជម្រើស​ជាតិ​វៀតណាម នៅ​វេលា​ម៉ោង​៦:៣០នាទី​ល្ងាច​ថ្ងៃអង្គារ ទី​៥​ខែ​កញ្ញា ឆ្នាំ​២០១៧ ខណៈ​ការ​ប្រកួត​នេះ​មាន​ផ្សាយផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន​ព័ត៌មាន (BTV News) ផង​ដែរ។

សម្រាប់​​តម្លៃ​សំបុត្រ​សម្រាប់​ចូល​ទស្សនា​ការ​ប្រកួត​នេះ​​មាន​បែងចែក​ជា​២​ប្រភេទ​ផ្សេង​គ្នា​ដោយ​ប្រភេទ​១ តម្លៃ ១០,០០០៛ និង​ប្រភេទ ២​តម្លៃ ៥,០០០៛ ខណៈ​​​កំពុង​ដាក់​លក់​ចន្លោះ​ពីម៉ោង​៩ ព្រឹកដល់ម៉ោង ៦​ ល្ងាច​នៅ​ពហុកីឡដ្ឋានជាតិ។ សម្រាប់​ព័ត៌មាន​​បន្ថែម​សូម​ទាក់ទង​ក្នុង​ម៉ោង​ធ្វើការ​តាម​លេខ​ទូរស័ព្ទ​០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០។

សូម​រំលឹក​ថា​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ស្ថិត​នៅ​ពូល C ជាមួយ​ក្រុម​ហ្ស៊កដានី, វៀតណាម និង​អាហ្វហ្គានីស្ថាន ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup 2019 UAE។ បើ​និយាយ​ពី​តារាង​ចំណាត់​ថ្នាក់​បណ្តោះអាសន្ន​ប្រចាំ​ពូល​ C នេះ​​ក្រោយ​​ប្រកួត​បាន​២លើក​ឃើញ​ថា​​ក្រុម​ហ្សកដានី ឈរ​លេខ១ មាន​៤ពិន្ទុ តាម​ពី​ក្រោយ​ដោយ​ក្រុម​កម្ពុជា ឈរ​លេខ២ មាន​៣ពិន្ទុ ខណៈ​ក្រុម​វៀតណាម ឈរ​លេខ៣ មាន​២ពិន្ទុ និង​ក្រុម​អាហ្វហ្គានីស្ថាន ឈរ​លេខ៤បាត​តារាង​មាន​១ពិន្ទុ៕