អតីតប្រធានក្រុមជម្រើសជាតិកម្ពុជា ឃួនឡា បូរ៉ាវី ស៊ុតចូលបញ្ជីបាន២គ្រាប់ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំសម្រាប់ក្រុមថ្មីរបស់ខ្លួននៅប្រទេសថៃ Suratthani FC ដែលបានផ្ដួលក្រុមជម្រើសខេត្ត Nakhon Si Thammarat នៅថ្ងៃសុក្រទី១ខែមិថុនាឆ្នាំ២០១៨ ដោយលទ្ធផល ៤-០។
ខ្សែប្រយុទ្ធដែលទើបផ្លាស់ពីក្លិបបឹងកេត រកបានគ្រាប់បាល់ទាំងពីរតាមរយៈការស៊ុតវ៉ុលឡេមួយគ្រាប់ និងញាក់ដាច់ខ្សែការពារហើយស៊ុតចូល១គ្រាប់ទៀតក្នុងវគ្គទី១។ អតីតម្ចាស់ស្បែកជើងមាសមិត្តហ្វូនខេមបូឌានលីគនិងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនច្រើនសម័យ ត្រូវបានគ្រូបង្វឹកប្ដូរឱ្យសម្រាក មុនពេលចូលលេងម្ដងទៀត១០នាទីចុងក្រោយនៃវគ្គទី២។
តារាជើងចាស់ជំនាញជើងឆ្វេងវ័យ៣០ឆ្នាំរបស់កម្ពុជា ប្រាប់ CNCC ថា៖ “ម្សិលមិញគ្រូដាក់ឱ្យខ្ញុំលេងមួយវគ្គដំបូង ខ្ញុំរកបាន២គ្រាប់។ គ្រូសប្បាយចិត្តនិងបានលើកទឹកចិត្តឱ្យខ្ញុំធ្វើបានហ៊ែតទ្រីកលើកទី១សម្រាប់ក្រុម”។ ពាក់ព័ន្ធនឹងទំនាក់ទំនងក្នុងក្រុម បូរ៉ាវី បន្ថែមថា៖ “នៅទីនេះពួកគេនិយាយភាសាអង់គ្លេសខ្លះៗ ហើយខ្ញុំព្យាយាមស្វែងយល់ភាសាថៃដោយខ្លួនឯងបន្ថែមដែរ។ បើសិនមិនយល់ត្រង់ណា ខ្ញុំអាចសួរកីឡាករបរទេសរបស់ក្លិបដែលនៅទីនេះយូរនិងយល់ភាសាថៃ ហើយឱ្យពួកគេប្រាប់ខ្ញុំជាភាសាអង់គ្លេសវិញ”។
ក្រៅពីការប្រកួតមិត្តភាពម្សិលមិញ បូរ៉ាវី ក៏បានចូលរួមបង្ហាត់បង្ហាញរបៀបលេងបាល់ទាត់ក្នុងកម្មវិធី Football Clinic ដែលក្លិប Suratthani FC បានរៀបចំសម្រាប់កុមារីជាច្រើននាក់នៅក្នុងខេត្ត ដើម្បីចូលរួមអបអរទិវាកុមារអន្តរជាតិផងដែរ៕
ប្រភព & រូបភាព: CNCC