សេះឈ្មោះ PP-3 ជាសេះជើងឯក ៦ដងនៅសឹង្ហបុរី បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ SCT Sport Complex នៃតំបន់អភិវឌ្ឍន៍ក្រុមហ៊ុន 7NG ស្ថិតនៅឃុំវិហារសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីល្ងាថ្ងៃអាទិត្យ ម្សិលមិញ បន្ទាប់ពីធ្វើបានយ៉ាងល្អ ក្នុងការប្រកួតក្នុងពូលA ដែលសុទ្ធសឹងតែជាសេះខ្លាំងៗលំដាប់អន្តរជាតិនោះ។
លោក អឿន សុផល អ្នកជំនាញសេះ និងទទួលបន្ទុកកសិដ្ឋានចិញ្ចឹមសេះ 7NG បានឲ្យដឹងថា នេះគឺជាលើកទី១ហើយ ដែលសេះ PP-3 បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រណាំងសេះដ៏ធំ ដែលរៀបចំដោយក្រុមហ៊ុន 7NG។ ប៉ុន្ដែសេះបញ្ជាដោយកីឡាករ យ៉ាន់ ពិសី នេះ ធ្លាប់មានបទពិសោធន៍លើឆាកអន្ដរជាតិមិនតិចនោះទេ ពោលគឺ PP-3 ធ្លាប់បានចូលរួមប្រណាំងនៅប្រទេសសិង្ហបុរីជាច្រើនលើកមកហើយ ដោយជាមួយគ្នានោះ PP-3 ថែមទាំងធ្លាប់ដណ្ដើមបានតំណែងជើងឯកចំនួន៦លើកទៀតផង ។
សេះចំណូលថ្មី PP-3 បានបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ SCT Sport Complex ដោយប្រណាំងជាមួយសេះខ្ពស់ស្ដង់ដារអន្ដរជាតិចំនួន ៥ក្បាល នៅក្នុងពូលA។ ជាលទ្ធផលសេះ PP-3 ធ្វើបានយ៉ាងល្អ ដោយដណ្ដើមបាននូវចំណាត់ថ្នាក់លេខ១ ខណៈអតីតសេះជើងឯកប្រចាំខែមុនៗ CARINO បានធ្លាក់មកឈរលេខ២ និងសេះឈ្មោះ Waichi ទទួលបានលេខ៣។ មិនតែប៉ុណ្ណោះ ក៏មានការផ្ដល់ប្រាក់រង្វាន់ជ័យលាភីប្រចាំខែផងដែរ ដោយសេះលេខ១ ទទួលបាន ៤លានរៀល, សេះលេខ២ ទទួលបាន ២លាន ២០ម៉ឺនរៀល និងលេខ៣ ទទួលបាន ១លាន ២០ម៉ឺនរៀល។
លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយករងក្រុមហ៊ុន 7NG មានប្រសាសន៍ថា ការបង្ហាញវត្តមានរបស់សេះឈ្មោះ PP-3 នឹងធ្វើឲ្យព្រឹត្តិការណ៍ប្រណាំងសេះដណ្ដើមពានរង្វាន់ SCT Sport Complex កាន់តែទទួលបានភាពជោគជ័យបន្ថែមទៀត។ ពិសេសគឺការប្រកួតប្រជែងដ៏ស្វិតស្វាញបំផុតរវាងសេះខ្លាំងៗ ប៉ះជើងខ្លាំងលើទីលានរបស់លោកឧកញ៉ា ស្របពេលប្រាក់រង្វាន់ដ៏ច្រើនកំពុងរង់ចាំសេះជើងខ្លាំងពិតប្រាកដ ពោលគឺសេះទទួលបានជ័យជម្នះក្នុងការប្រកួតដំណាច់ឆ្នាំខាងមុខ នឹងទទួលបានប្រាក់រង្វាន់ ២៥,០០០ដុល្លារឯណោះ។ ការប្រណាំងសេះនាំចូលពីបរទេសនោះដែរ ក៏មានការប្រណាំងសេះពូជខ្មែរជាច្រើនផងដែរ ពិសេសគឺសេះពូលC ដែលជាប្រភេទសេះកម្រិតខ្ពស់ក្នុងស្រុក។ ចំពោះលទ្ធផលការប្រកួតពូលC នោះ ចំណាត់ថ្នាក់លេខ១ បានទៅសេះឈ្មោះ ពាលី, លេខ២ សេះឈ្មោះ Madona និងលេខ៣ បានទៅសេះឈ្មោះ Navara៕