ការប្រកួតកីឡាអុកចត្រង្គអង្គរសង្ក្រាន្ដ ឆ្នាំ២០១៨បានបញ្ចប់ការប្រកួតជម្រុះដំណាក់កាលទី២ ក្រោយពីបានឆ្លងកាត់ការប្រកួតនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ដោយបានរកឃើញជើងខ្លាំងៗចំនួន៨នាក់ ដើម្បីឡើងទៅ ប្រកួតបន្តនៅជុំផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ និងដណ្ដើមងារ ស្ដេចអុកប្រចាំឆ្នាំ២០១៨ នៅខេត្តសៀមរាប។
ជើងខ្លាំង៨នាក់នេះ រួមមានអតីតស្ដេចអុក ២ជំនាន់ ឈាវ បូរ៉ា, អេង សេងហៀក, ស៊ីវស៊ីន, សុខ លឹម ហេង, កែវ វឌ្ឍនា, ធីម ឌីណា, ប៊ូ ប៉ុណ្ណម៉ាលីកា និងជើងឯករងឆ្នាំចាស់ ប៊ិន គាសេង។ ជើងខ្លាំងទាំងនេះ ត្រូវបានសម្រិតសម្រាំងចេញពីកីឡាករខ្លាំងៗ ២៤នាក់ ដែលឆ្លង កាត់ការប្រកួតជម្រុះតាមតំបន់ចំនួន៧មណ្ឌល កាលពីពេលថ្មីៗ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមាន ប្រសាសន៍ផ្ដាំផ្ញើដល់កីឡាករជើងខ្លាំងទាំង៨ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងបង្កើន ការហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមចូលរួមការប្រកួតជុំផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍អង្គរ សង្ក្រាន្ដ ឆ្នាំ២០១៨ នៅខេត្តសៀមរាប នាឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលឆាប់ៗ ខាងមុខ។ រាល់ការចំណាយលើមធ្យោបាយធ្វើដំណើរ ការហូបចុក ស្នាក់នៅ របស់កីឡាករ ម្នាក់ៗ គឺជាបន្ទុករបស់គណៈកម្មការរៀបចំ។
ឯកឧត្តមរំពឹងថា ជើងខ្លាំងទាំង៨នាក់នឹងរួម ចំណែកធ្វើឱ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្ដឆ្នាំនេះ កាន់តែមានភាពទាក់ទាញបន្ថែមទៀត៕