កីឡាករជម្រើសជាតិកម្ពុជា សឿយ វិសាល, នុប តុលា, សុក សំណាង និងកីឡាករអាហ្វ្រិកខាងត្បូង Shane Booysen នឹងមិនអាចលេងឱ្យព្រះខ័នរាជស្វាយរៀងបានឡើយក្នុងសប្ដាហ៍ទី៩នៃមិត្តហ្វូនខេមបូឌានលីគ២០១៨ ទល់នឹង វិសាខា នាថ្ងៃសៅរ៍ទី៩ខែមិថុនា ដោយសារជាប់បម្រាម។

វិសាល, តុលា និង សំណាង រងបម្រាមស្វ័យប្រវត្តិមួយប្រកួតជាបណ្ដោះអាសន្នដោយសារកាតក្រហមអំឡុងពេលចាញ់ ក្រសួងការពារជាតិ ១-២ ចុងសប្ដាហ៍មុន។ ហើយតាមលិខិតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាថ្ងៃទី៥ខែមិថុនា ចុះហត្ថលេខាដោយលោកអគ្គលេខាធិការស្ដីទី ម៉ៃ តុលា បម្រាមលើកីឡាករទាំង៣រូបនេះនឹងបន្តរហូតដល់មានសេចក្ដីសម្រេចពីករណីនេះដោយគណៈកម្មការវិន័យរបស់សហព័ន្ធ។ មានន័យថាទណ្ឌកម្មចំពោះការប្រព្រឹត្តហិង្សាសប្ដាហ៍មុនកំពុងស្ថិតក្នុងដំណើរការវិនិច្ឆ័យរបស់គណៈកម្មការវិន័យ។

ចំណែកមិត្តរួមក្រុមរបស់ពួកគេគឺ Booysen ជាប់បម្រាមតែ១ប្រកួតប៉ុណ្ណោះដោយសាររងពិន័យកាតលឿង៣ដង លើកទី១កាលពីថ្ងៃទី៤ខែមីនាទល់នឹងណាហ្គាវើលដ៍, លើកទី២ថ្ងៃទី២០ខែឧសភាទល់នឹង បឹងកេត និងលើកទី៣ថ្ងៃទី៣ខែមិថុនាទល់នឹងក្រសួងការពារជាតិ។

 

រីឯ វិសាខា វិញក៏នឹងអវត្តមានខ្សែការពារសំខាន់មួយរូបដែរ គឺ ងយ ស្រ៊ីន ដោយសាររងពិន័យកាតលឿង៣ដងដូច Booysen ដែរ។ ខ្សែការពារមកពីខេត្តកោះកុងរូបនេះរងពិន័យកាតលឿងលើកទី១ថ្ងៃទី១៨ខែមីនាទល់នឹងភ្នំពេញក្រោន, លើកទី២ថ្ងៃទី៧ខែមេសាទល់នឹងអាស៊ីអឺរ៉ុបយូណាយធីត និងលើកទី៣ថ្ងៃទី២ខែមិថុនាទល់នឹង ណាហ្គាវើលដ៍។

ប្រភព & រូបភាព៖ CNCC