ព្រឹត្តិការណ៍ប្រណាំងយានយន្តលើកទី១ រៀបចំដោយសហ័ពន្ធយានយន្តកម្ពុជា សហការជាមួយក្លឹប KARA ដែលប្រសិទ្ធនាមថា Khmer Rally Raid លើកទី១ ប្រចាំឆ្នាំ ២០១៧ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែធ្នូ ខាងមុខ នៅខេត្តមណ្ឌលគីរី។ នេះតាមដឹងពីលោក ពៅ តិច ឡេង គណៈកម្មាការរៀបចំការប្រកួតនៅក្នុងពិធិជុំកីឡាករ និងអ្នកបច្ចេកទេស កាលយប់ថ្ងៃទី៣០ ខែតុលា ម្សិលមិញ។
គណៈកម្មការរៀបចំការប្រកួតរូបនេះបានឲ្យទៀតដឹងថា ការជួបជុំគ្នា ក្នុងកម្មវិធីធ្វើបទបង្ហាញ ស្ដីពីបច្ចេកទេស និងលក្ខខណ្ឌប្រកួត នាពេលនេះ គឺគណៈកម្មការបច្ចេកទេសបានជម្រាបជូនដល់កីឡាករនូវក្បួនច្បាប់នៃការប្រកួត របៀបនៃការស្នាក់នៅ ព្រមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត ដើម្បីឲ្យកីឡាករដែលគ្រោងនឹងចូលរួមទាំងនោះបានយល់កាន់តែច្បាស់ និងត្រៀមខ្លួនឲ្យបានកាន់តែប្រសើរ ដោយធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍លើកទី១ នេះទទួលបានជោគជ័យផងដែរ។ លោកបន្ថែមថា ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ KARA គាំទ្រដោយសហព័ន្ធកីឡាយានយន្តកម្ពុជា ដែលធ្វើឡើក្នុងគោលបំណង ដើម្បីរួមគ្នាបង្កើនកម្រិតបច្ចេកទេសរបស់កីឡាករជាតិឲ្យកាន់តែខ្លាំងពូកែបន្ថែមទៀត ជាពិសេសគឺអភិវឌ្ឍវិស័យកីឡាយានយន្តនៅកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ។
ភ្នាក់ងាររៀបចំការប្រណាំងយានយាន្តកម្ពុជា ហៅកាត់ថា KARA ត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ដឆ្លងកាត់ឧបស័គ្គជាលើកដំបូង នៅខេត្តមណ្ឌលគីរី គឺកំណត់ប្រភេទរថយន្តត្រឹម២០គ្រឿង ស្មើនឹងកីឡាករ ៤០នាក់ និងប្រភេទម៉ូតូ ចំនួន៣០គ្រឿង ស្មើនឹង៣០នាក់ ដែលគណៈកម្មការគ្រោងនឹងរៀបចំប្លែកពីកម្មវិធីដទៃ ដោយសារព្រឹត្តិការណ៍នេះតម្រូវឲ្យកីឡាករចូលរួមប្រកួតត្រូវស្វែងរកផ្លូវជិះ ដោយខ្លួនឯង តាមរយៈសៀវភៅមួយក្បាល ដែលគណៈកម្មការផ្ដល់ជូន។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់បេសកកម្មព្រឹត្តិការណ៍ Khmer Rally Raid 2017 នៅលើទឹកដីខេត្តមណ្ឌលគីរី KARA នឹងពង្រីកព្រឹត្តិការណ៍នេះទៅបណ្ដាលខេត្តផ្សេងៗ ជាបន្តទៀត នាឆ្នាំក្រោយៗទៀត ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យកីឡាយានយន្ដ ក្នុងស្រុក ឲ្យកាន់តែរីកចម្រើនផងដែរ៕