ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតឈ្នះលើក្រុមជម្រើសជាតិឡាវក្នុងលទ្ធផល១ទល់០ក្នុងកីឡដ្ឋានជាតិរបស់ឡាវ ដោយអរគុណគ្រាប់របស់ខ្សែប្រយុទ្ធបម្រុងលេខ៩ ឃួន ឡាបូរ៉ាវី ដែលប្រើក្បាលសម្រេចទីនៅនាទី៨៦ក្រោយទទួលបានបាលហ្វ្រីឃីកពី ប្រាក់ មុន្នីឧត្តម។
ក្នុងការប្រកួតដែលអាចនិយាយបានថា ជាការបំបែកកំណត់ត្រារយៈពេល៤៤ឆ្នាំមួយនេះ កីឡាករវ័យក្មេង និងទើបមានឈ្មោះជាប់ក្នុងបញ្ជីជម្រើសជាតិទាំងអស់មានកីឡាករ៤នាក់ជាប់ជម្រើសដំបូង១១នាក់ដំបូងបំផុត ក្នុងអាជីពបាល់ទាត់របស់ពួកគេហើយលេងក្នុងការប្រកួតនេះផងដែរ។
ខ្សែប្រយុទ្ធវ័យក្មេង ម៉ាត់ ណូរុន
ខ្សែប្រយុទ្ធវ័យក្មេងម៉ាត់ ណូរុន បានជាប់ជម្រើសដំបូង១១នាក់ហើយលេងបានជិត៣០នាទីក្នុងវគ្គទីមួយ ហើយត្រូវប្ដូរចេញជំនួសដោយសិស្សច្បង កែវ សុខផេង។ ចំណែកខ្សែបម្រើកណ្ដាល សុខ ហ៊ាង បានជាង៣០នាទីក្នុងវគ្គទីមួយដែរប្ដូរចូលជំនួសដោយសិស្សច្បង ប្រាក់ មុន្នីឧត្តម។
ខ្សែបម្រើកណ្ដាល សុខ ហ៊ាង
ចំណែកកីឡាករ២នាក់របស់ក្លឹបភ្នំពេញក្រោនគឺ ខ្សែបម្រើប្រយុទ្ធស្លាប ស៊ិន កក្កដា និងខ្សែការពារស្លាបអ៊ុក សុវណ្ណលេងបានពេញ៤៥នាទីក្នុងវគ្គទី១។ ទោះបីជាលេងមិនបានពេញមួយការប្រកួត តែពួកគេជាសាមាជិកថ្មី ក្នុងជម្រើសជាតិដែលបានចូលលេងក្នុងការប្រកួតដែលកម្ពុជាឈ្នះជម្រើសជាតិឡាវក្នុងទឹកដីប្រទេសឡាវហ្នឹងផ្ទាល់តែម្ដង៕
ស៊ិន កក្កដាពាក់អាវលេខ១៦ និងអ៊ុក សុវណ្ណពាក់អាវ៤
រូបភាពសហព័ន្ធកីឡាបាល់ទាត់កម្ពុជា